(វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលបានទទួលរង​ការរិះគន់យ៉ាង​ចាស់ដៃ ចំពោះភាពយឺតយ៉ាវ​របស់ខ្លួន ក្នុងការស្វែងរក​មនុស្សសម្រាប់​តួនាទី​​សំខាន់ៗ​ក្នុងជួររដ្ឋាភិបាល​នោះ មិនទាន់បាន​បំពេញមុខតំណែង​ ដែលនៅទំនេរចោល​ប្រមាណ​ ៧៤ភាគរយ ក្នុងក្រសួងការពារជាតិ​អាមេរិក​នៅឡើយ​ទេ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

យោងតាមសេចក្តី​រាយការណ៍​របស់សារព័ត៌មាន Defense News មកទល់ខែ​សីហានេះ ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ទទួលស្គាល់​បេក្ខភា​ពចំនួន ៦៥​រូប ​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រាប់តួនាទី​នៅក្នុងក្រសួង​ការពារជាតិ។ ទោះជាបែប​នេះក្តី មុខតំណែង​សំខាន់ៗ​ជាច្រើនទៀត ដូចជាអគ្គមេបញ្ជាការ​​កងទ័ព​ជើងគោក រួមទាំង​អនុរដ្ឋលេខាធិការ​ទទួលបន្ទុក​ផ្សេងៗ​ជាដើមនោះ នៅតែកំពុងរង់ចាំ​ការសម្រេច​ទទួលស្គាល់ពី​ព្រឹទ្ធសភា​នៅឡើយទេ មុនពេលដែល​ពួកគេអាច​ចូលកាន់​តួនាទី​ជាផ្លូវការ។

គួរបញ្ជាក់ថា យ៉ាង​ហោចណាស់​មុខតំណែងដ៏​សំខាន់មួយ នៅឯមន្ទីរបញ្ចកោណ​ត្រូវបានបំពេញ​កាលពីខែកក្កដា​កន្លងទៅ ដោយនាយក​ក្រុមហ៊ុន​ផលិតយន្ត​ហោះ Boeing លោក ផាទ្រីក ស្សាណាហាន (Patrick Shanahan) ត្រូវបានអនុម័ត​ទទួលស្គាល់ដោយ​ព្រឹទ្ធសភា ធ្វើជាអនុរដ្ឋមន្រ្តី​ការពារជាតិ៕