(សេអ៊ូល)៖ បើទោះជាមាន​ការគំរាមវាយប្រហារ​ពីកូរ៉េខាងជើង​ក៏ដោយ នៅទីបំផុត​កងទ័ព​អាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្ដើម​សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ប្រចាំឆ្នាំហើយ នៅថ្ងៃចន្ទនេះ ខណៈក្រុមអ្នក​ជំនាញរំពឹងថា ទីក្រុង​ព្យុងយ៉ាង អាចនឹងដឹកនាំ​ការបាញ់សាកល្បង​មីស៊ីលផ្លោង ជាការឆ្លើយតបនឹង​សមយុទ្ធយោធា​នេះ ដែលខ្លួន​ចាត់ទុក​ថា ជាការត្រៀមលក្ខណៈ​ចូលឈ្លាន​ពាន និងផ្ដួលរំលំ​របបដឹកនាំ លោក គីម ជុងអ៊ុន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ​ ទី២១ ខែសីហា ឆ្នាំ២០១៧។

យោងតាម​យោធា​កូរ៉េខាងត្បូង សមយុទ្ធយោធា​ប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការចូលរួមពី​កងទ័ព​អាមេរិក ១៧,៥០០នាក់ និង​កូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួន​កងទ័ពអាមេរិក​ចូលរួម​នៅក្នុងសមយុទ្ធយោធា​លើកនេះ គឺមានចំនួនតិចជាង​កាលពី​ឆ្នាំ​មុន ដែលមាន​រហូតដល់ ២៥,០០០នាក់ចូលរួម។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក ជែមស៍ ម៉ាទីស (James Mattis) បានអះអាងថា ការកាត់បន្ថយ​ចំនួនកងទ័ពអាមេរិក មិនមាន​ជាប់ពាក់ ព័ន្ធនឹងភាពតានតឹង​នៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែង​ពីកូរ៉េខាងជើង​នោះទេ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន​ស្ថានភាពនៅលើ​ឧបទ្វីបកូរ៉េ​បានស្ងប់ស្ងាត់បន្តិច​បន្ទាប់ពី លោក គីម ជុងអ៊ុន សម្រេចចិត្ត​ផ្អាកការបាញ់​មីស៊ីល​ឆ្ពោះទៅកាន់​កោះហ្គាំ (​Guam) តែស្ថានភាព​តានតឹងនេះ​បានផ្ទុះឡើង​ជាថ្មី ក្រោយទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ប្រកាសធ្វើសមយុទ្ធយោធា​រួមគ្នា​ប្រចាំឆ្នាំ Ulchi Freedom Guardian។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង​កាលពី ថ្ងៃអាទិត្យ ក៏បានគំរាមជាថ្មីដែរថា ខ្លួនមានសមត្ថភាព​វាយប្រហារលើ​សហរដ្ឋអាមេរិក​គ្រប់ពេលវេលា គ្រប់ទីកន្លែង​មិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ ហើយថា​ទីក្រុង​វ៉ាស៊ីនតោន កំពុងយល់ច្រឡំធំ​ហើយ​ដែលគិតថា ខ្លួននឹងមានសុវត្ថិភាព​ព្រោះនៅឆ្ងាយ​ពី​កូរ៉េខាងជើងនោះ៕