​(តេហេរ៉ង់)៖ តុលាការអ៊ីរ៉ង់​បានស្នើឱ្យរដ្ឋាភិបាល​អាមេរិក​ បង់ប្រាក់ជំងឺចិត្តជាង ២៤៥លានដុល្លារ ដល់ជន​រងគ្រោះ​​រងការវាយប្រហារ​ដោយ​អាវុធគីមី ដែលសហរដ្ឋអាមេរិក​បានផ្ដល់ឱ្យ​កងទ័ព​អ៊ីរ៉ាក់របស់​អតីតប្រធានាធិបតី សាដដាំ ហ៊ូស្សេន (Saddam Hussein) នៅអំឡុងសម័យ​សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ នេះបើតាមអ្នកនាំ​ពាក្យតុលាការអ៊ីរ៉ង់ ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​កាលពី​ថ្ងៃអាទិត្យ តាមអ្នកនាំពាក្យ​តុលាការអ៊ីរ៉ង់ លោក ហ្គូឡាមហូស្សេន ម៉ូសេនី អេចេយ (Gholamhussein Mohseni Ejei) បានគូសបញ្ជាក់​ដូច្នេះថា «តុលាការអ៊ីរ៉ង់​បានចេញ​សាលក្រម មួយដោយតម្រូវ​ឱ្យអាជ្ញាធរ​អាមេរិក បង់ប្រាក់ជំងឺចិត្ត​ជាង ២៤៥លានដុល្លារ ដល់ជនរង​គ្រោះ ១៨នាក់ ដែលបានរងរបួស ឬក៏ស្លាប់នៅអំឡុង​សង្រ្គាមអ៊ីរ៉ាក់-​អ៊ីរ៉ង់​ (ឆ្នាំ១៩៨០-​១៩៨៨)»។ យោងតាម​ទីក្រុង​តេហេរ៉ង់​ សហរដ្ឋអាមេរិក​បានផ្ដល់អាវុធឱ្យ​កងទ័ពអ៊ីរ៉ាក់ នៅក្នុងសង្រ្គាម​ជាមួយអ៊ីរ៉ង់ ដែលត្រូវបាន​ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិរកឃើញថា មានស្លាកស្នាមអាវុធគីមី​ប្រើប្រាស់​ដោយ កងទ័ពរបស់​អតីតមេដឹកនាំ​អ៊ីរ៉ាក់ សាដដំា ហូស្សេន ប្រឆាំងនឹងទីក្រុង សាដាសត៍ (Sardasht) នៃខេត្ត គូហ្សេស្ថាន (Khuzestan)។

គួរបញ្ជាក់ថា សង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ បានផ្ដាច់យកអាយុ​ជីវិតមនុស្សចន្លោះពី ៥០០,០០០នាក់ ដល់ ១,២លាននាក់ ព្រមទាំងធ្វើឱ្យខូចខាតសេដ្ឋកិច្ច​ប្រទេសនៅក្នុងតំបន់​ប្រមាណជា ៥០០ពាន់លានដុល្លារ ហើយសង្រ្គាមនេះ​គឺជាជម្លោះដណ្ដើម​ទឹកដី នៅតាម​បណ្ដោយទន្លេ Chatt-el-Arab និងតំបន់ប្រេង​ក្នុងខេត្ត Khuzestan របស់អ៊ីរ៉ង់៕