(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នឹងប្រើប្រាស់រិទ្ធិ​អំណាចការទូត និងសេដ្ឋកិច្ច​ដែលខ្លួនមាន​ទាំងប៉ុន្មាន ដើម្បីចាត់ការប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បន្ទាប់​សភាធម្មនុញ្ញ (ANC) ដែលទើបបង្កើត​ឡើងថ្មី បានដណ្តើមរឹបអូស​យកអំណាចនីតិបញ្ញតិពីដៃសភាជាតិ ដែល​គ្រប់​គ្រង​​​ដោយ​បក្ស​ប្រឆាំង។ នេះបើតាមការអះអាង​របស់ក្រសួង​ការបរទេស​អាមេរិក ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ីធឺ នូអឺត (Heather Nauert) បានថ្លែងថា «សហរដ្ឋអាមេរិក ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ការដណ្តើម​កាន់​កាប់​អំណាច​នីតិបញ្ញតិ ដោយសភាធម្មនុញ្ញ​មិនស្របច្បាប់​របស់​វេណេស៊ុយអេឡា។ ជាមួយគ្នានេះ ដរាបណា​របបដឹកនាំ លោក Maduro នៅតែបន្តប្រព្រឹត្តខ្លួន​​ដូច​ជា​​របបផ្តាច់ការ​ទៀតនោះ យើងត្រៀម​លក្ខណៈ​រួចជាស្រេច ដើម្បីប្រើប្រាស់​ឥទ្ធិពលយ៉ាងពេញ​ទំហឹង​នៃសេដ្ឋកិច្ចកិច្ច ក៏ដូចជាការទូត​របស់​អាមេរិក ដើម្បី​ជួយ​ជ្រោម​​ជ្រែងដល់​ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា ដែលព្យាយាម​ស្តារ​លទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស​ពួកគេឡើងវិញ»

គួរបញ្ជាក់ថា នៅមុននេះ​សភាធម្មនុញ្ញ​វេណេស៊ុយអេឡា បានចេញក្រឹត្យ​មួយលើកឡើងថា ខ្លួននឹងដើរតួនាទីជា​អំណាចនីតិបញ្ញតិនៃសភាជាតិ ដែលស្ថិត​ក្រោម​​ការគ្រប់គ្រងរបស់​គណបក្សប្រឆាំង។ ដោយឡែកក្រៅពីអាមេរិក សភាប្រទេស​អាហ្សង់ទីន, ប្រេស៊ីល, អេស៉្បាញ, កាណាដា, កូស្តារីកា, ម៉ិចស៊ីកូ, ​ប៉ាណាម៉ា, ប៉េរូ, ឈីលី ក៏បានចេញមុខ​ចោទប្រកាន់​សភាធម្មនុញ្ញថ្មីនេះ​ថា បានរំលោភរដ្ឋ​ធម្មនុញ្ញ​ផងដែរ ក្រោយស្ថាប័ននេះ​​បានផ្តល់អំណាច​ឲ្យខ្លួន​ឯង ដើម្បី​អនុម័ត​ច្បាប់៕