(គែរ)៖ ផ្នូរថ្ម និងសំណង់បុរាណដែលនៅសេសសល់​ពីសម័យកាល Coptic ត្រូវបានគេរកឃើញ​ក្នុងខេត្ត Minya ភាគខាងជើង​ប្រទេសអេហ្ស៊ីប។ នេះបើតាម​ការ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

ក្រសួងវត្ថុបុរាណ​អេហ្ស៊ីប​បានឲ្យដឹងថា បេសកកម្មមួយ​របស់ខ្លួន​បានរកឃើញផ្នូរ​ដ៏ចំណាស់នេះ នៅក្នុងតំបន់បុរាណ​វិទ្យាក្បែរ​ទីវាលដាច់ស្រយាល អាល់ ណាស្សារ៉ា (Al-Nassara) ក្នុ​ង​ទីក្រុង មីនយ៉ា (Minya) ដែលមានអាយុ​​តាំងពីសតវត្សរ៍ទី ០៥មកម្ល៉េះ និងមានផ្ទុកនូវ​សាលបញ្ចុះសាកសពធំៗ​ជាច្រើន​ផងដែរ បន្ទាប់ពីការរុករក​នៅក្នុងតំបន់នេះ បានចាប់​ផ្តើម​កាលពីឆ្នាំ២០០៨។

គួរបញ្ជាក់ថា ក្នុងនាមធ្លាប់​ជាប្រទេសដែលមានអរិយធម៌​ដំចំណាស់មួយនោះ អេហ្ស៊ីបបាន​ខិតខំប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បីធ្វើការថែរក្សា​កេរ្តិ៍មរតកពីបុរាណ​កាល​​របស់ខ្លួន ជាពិសេសសំណង់ប្រាសាទពីរ៉ាមីដ ដែលល្បីល្បាញ និងមានអាយុកាលចំណាស់បំផុតលើពិភពលោក៕