(អេស៉្បាញ)៖ បុរសជាអ្នកដែលបានបើករថយន្តដឹកទំនិញ បំបុកចូលហ្វូង​មនុស្ស​ក្នុងករណី​ភេរវកម្មនៅទីក្រុង​បាសេឡូណា (Barcelona) ប្រទេស​​អេស៉្បាញនោះ ត្រូវបានប៉ូលិស​បញ្ជាក់ថា គឺស្ថិតក្នុងចំណោម​ជនសង្ស័យទាំង ០៥នាក់​ ដែលបានធ្វើ​សកម្មភាពប៉ុនប៉ង​វាយប្រហារ​ស្រដៀងគ្នា នៅទីក្រុង​ខេមប្រ៊ីលស៍ (Cambrils) ហើយត្រូវ​ប៉ូលិសបាញ់​សម្លាប់ចោល។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

ជនសង្ស័យ​ឈ្មោះ មូស្សា អួកាប៊ឺ (Moussa Oukabir) ដែលគេជឿជាក់ថា មានវ័យត្រឹម ១៧ឆ្នាំ ប៉ុណ្ណោះនោះ ត្រូវបានប៉ូលិស​អេស៉្បាញ​កំណត់អត្តសញ្ញាណ​ថា គឺពិតជាស្ថិត​ក្នុង​ចំណោម​ជនសង្ស័យទាំង ០៥នាក់​ ដែលត្រូវប៉ូលិស​បាញ់សម្លាប់​នៅហ្នឹងកន្លែង ធ្វើសកម្មភាពវាយប្រហារ​ក្នុងទីក្រុង Cambrils ប្រាកដ​មែន បន្ទាប់ពីអាជ្ញាធរ​​មាន​ការសង្ស័យយ៉ាងដូច្នោះ។ យុវជន Moussa Oukabir គឺជាជនជាតិ​អេស្ប៉ាញ​មកពីក្រុង ហ្គឺរ៉ូឡា (Girona) នៃតំបន់ កាឡាតាន់ (Catalan) ភាគខាងជើង។ ជាមួយគ្នានេះ​ជនសង្ស័យ​​បួននាក់​ផ្សេងទៀត ក៏កំពុងស្ថិតក្រោម​ការឃុំខ្លួន​ផងដែរ ដោយភាគច្រើន​គឺជាជនជាតិ​ម៉ូរ៉ូកូន។

គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ បុរសម្នាក់​បាន​បើករថយន្ត​ដឹក​ទំនិញ​មួយគ្រឿង បំបុកចូលហ្វូង​មនុស្សនៅ​លើ​ដង​​ផ្លូវមួយ​​ដែល​សម្បូរ​​ទៅ​​ដោយ​ភ្ញៀវ​ទេសចរ​​មួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផល​បានបណ្តាល​ឲ្យមនុស្ស​ចំនួន ១៣នាក់ស្លាប់ និងជាង ១០០នាក់ រងរបួស។ ដោយ​ឡែកនៅ​ប៉ុន្មានម៉ោង​ក្រោយឈាន​ចូល​ថ្ងៃសុក្រ មានករណីបើក​រថយន្តបំបុក​មនុស្សមួយផ្សេងទៀត ដែលមាន​ជាប់ពាក់ព័ន្ធគ្នា កើតឡើង​ក្នុងទីក្រុង Cambrils ហើយបានបង្ក​ឲ្យមនុស្ស​ចំនួន ០៧នាក់ របួស ខណៈជន​ដៃដល់ទាំង ០៥នាក់ ត្រូវបានប៉ូលិស​បាញ់​សម្លាប់៕