(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាយុទ្ធសាស្រ្ត​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គឺ​លោក ស្ទេវ បានណុន (Steve Bannon) ត្រូវបាន​បណ្តេញចេញ​ពី​​តំណែង​ហើយ។ នេះបើ​តាម​ប្រភពពីក្រុមមន្រ្តី​សេតវិមាន ដកស្រង់ដោយ​ស្ថានីយ៍​ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា គម្រោងនៃការបញ្ឈប់លោក Bannon ចេញពីតំណែងនេះ ត្រូវបានគេគម្រោងចំ អស់រយៈពេល​ពីរសប្តាហ៍​មកហើយ។ ម៉្យាង​វិញទៀត​ស្របពេល​ដែល លោក Bannon ត្រូវបានផ្តល់​ជម្រើសឲ្យ​សុំលាលែង​ពី​តំណែងដោយខ្លួន​ឯងនោះ ទីបំផុតមន្រ្តី​ជាន់ខ្ពស់សេតវិមាន​រូបនេះ ក៏ត្រូវបាន​បង្ខំ​ឲ្យដើរចាកចេញ​ពីតួនាទី​តែម្តង។ ជុំវិញព័ត៌មាន​នេះ អ្នកនាំពាក្យ​សេតវិមាន​លោកស្រី សារ៉ាហ៍ ហាកាប៊ី សេនដឺស (Sarah Huckabee Sanders) ក៏បានបញ្ជាក់ទទួលស្គាល់​ពីការចាកចេញ​​របស់ Bannon ប៉ុន្តែបានអះអាងថា ការសម្រេចចិត្តនេះ គឺមានការព្រមព្រៀង​ពី លោក Bannon ផ្ទាល់។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នាពេលថ្មីៗ​នេះ​មានការមិនពេញចិត្ត​ នឹងលោក​ទីប្រឹក្សាយុទ្ធសាស្រ្ត​របស់លោក​ជាខ្លាំង​ដោយសារ​តែ លោក Bannon បាន​​និយាយ​​ស្តី​ផ្ទុយពីទស្សនៈ​របស់ លោក ត្រាំ ជុំវិញបញ្ហា​កូរ៉េខាងជើង និងទំនាក់ទំនង​អាមេរិក-ចិន​ជាដើម។ ដោយឡែក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ មន្រ្តី​សេត​វិមានចំនួនបីរូបរួមមាន អតីតប្រធាន​ខុទ្ទការល័យ លោក រ៉េនស៍ ព្រីប៊ូល (Reince Priebus) និង​អតីតអ្នក​នាំពាក្យ​ លោក សៀន ស្ពៃស៊ឺ (Sean Spicer) រួមទាំង​នាយកផ្នែកទំនាក់ទំនង លោក អាថូនី ស្ការ៉ាមូកស៊ី (Anthony Scaramucci) ទើបតែបានចាកចេញ​ពីតំណែង​ប៉ុណ្ណោះ៕