(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្កាន់ (Tayyip Erdogan) នាថ្ងៃសុក្រនេះ បាននិយាយថាអធិការបតីអាល្លឺម៉ង់ លោកស្រី អែនជេឡា មឺគែល (Angela Merkel) គឺជាសត្រូវរបស់ប្រទេសតួកគី ហើយបានអំពាវនាវដល់ជនរួមជាតិរបស់លោកទាំងអស់ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឲ្យធ្វើការ​បោះ​ឆ្នោតប្រឆាំងនឹងលោកស្រី ក៏ដូចជាគណបក្សធំៗមួយចំនួនទៀត នៅក្នុងការបោះឆ្នោតសហព័ន្ធរបស់អាល្លឺម៉ង់ នាខែក្រោយនេះ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

ថ្លែងពីទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បាននិយាយដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់របស់ខ្ញុំ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺ​ម៉ង់... សូមបោះ​ឆ្នោតគាំទ្របក្សនយោបាយទាំងឡាយណា ដែលពុំមែនជាសត្រូវរបស់តួកគី ស្របពេលដែលគណបក្សដូចជា Christian Democrats Union (CDU) របស់លោកស្រី Merkel, បក្សសង្គមប្រជាធិបតេយ្យ (SDP), និងបក្ស Green Party សុទ្ធតែជាបច្ចាមិត្តរបស់ប្រទេសយើង»។ លោក Erdogan បានបន្ត​ថា​ «ខ្ញុំ​សូម​អំពាវនាវដល់អ្នកទាំងអស់គ្នាថា កុំបោះឆ្នោតឲ្យគណបក្សណា ដែលបានបង្ហាញឥរិយាបថឈ្លានពាន និងប្រមាថមើលងាយមកលើតួកគីឲ្យសោះ ដោយ​ខ្ញុំ​អញ្ជើញ​អ្នក​រាល់​​គ្នា ឲ្យផ្តល់មេរៀនដល់បក្សនយោបាយទាំងនេះម្តង នៅក្នុងការបោះឆ្នោតខាងមុខ»

សូមជម្រាបថា សម្តីអត្ថាធិប្បាយធ្ងន់ៗបែបនេះរបស់លោក Erdogan ប្រឆាំងជាពិសេសលើលោកស្រី Merkel និងគណបក្សរបស់លោកស្រី បានបង្ហាញកាន់តែ​ច្បាស់ថែមទៀតអំពីការបែកបាក់គ្នាកាន់តែខ្លាំង រវាងសម័្ពន្ធមិត្តអង្គការ NATO ក៏ដូចជាដៃគូពាណិជ្ជកម្មដ៏សំខាន់ទាំងពីរនេះ។ ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា​ និង​ប៊ែរឡាំង បានជួបប្រទះភាពមិនល្អ បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនៅតួកគីកាលពីឆ្នាំមុន នៅពេលអាជ្ញាធរតួកគី បានឃុំខ្លួនមនុស្សជាង៥០,០០០​នាក់ រួម​ទាំងបញ្ឈប់ពីតំណែងឬព្យួរការងារប្រមាណ១៥០,០០០នាក់ផ្សេងទៀត ដែលត្រូវបានអឺរ៉ុបរិះគន់យ៉ាងចាស់ដៃ។ លោក Erdogan ដែលពុំសូវមានការអត់​ធ្មត់​ចំពោះការរិះគន់ពីអឺរ៉ុបនោះ បានចោទប្រកាន់អាល្លឺម៉ង់ថា មានទំនោរប្រឆាំងនឹងតួកគី។

ដោយឡែកគួរបញ្ជាក់ដែរថា ជនជាតិតួកគីក្នុងចំនួនយ៉ាងច្រើន កំពុងតែរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការបោះឆ្នោតសហព័ន្ធដើម្បីជ្រើសរើសអធិការបតី​អាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈលោកស្រី Merkel កំពុងឈរឈ្មោះ​ដើម្បីបន្តកាន់មុខតំណែងនេះសម្រាប់អាណត្តិទី០៤៕