(អេស៉្បាញ)៖ គិតមកទល់ពេលនេះ មនុស្សសរុបចំនួន១៤នាក់ បានបាត់បង់ជីវិត និងប្រមាណជា១៣០នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងសកម្មភាពវាយ​ប្រហារភេរវកម្មចំនួនពីរករណីរបស់ក្រុម ISIS នៅឯទីក្រុងបាសេឡូណា (Barcelona) និងទីក្រុងខេមប្រ៊ីលស៍ (Cambrils) នៃប្រទេសអេស៉្បាញនាសប្តាហ៍នេះ។ នេះ​បើ​តាម​ការ​ដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

មនុស្សដែលបានស្លាប់និងរងរបួសខ្ទង់រយនាក់ទាំងអស់នេះ គឺមកពីប្រទេសយ៉ាងតិច៣៤ រួមមានបារាំង, បែលហ្សិក, អ៊ីតាលី, អាល្លឺម៉ង់, វេណេស៊ុយអេឡា, អូស្រ្តាលី​, អៀរឡង់, ប៉េរូ, អាល់ហ្សេរី, ចិន, និងសហរដ្ឋអាមេរិក ជាដើម។ ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់១៤នាក់ បន្ទាប់ស្រ្តីម្នាក់ ដែលបានទទួលរង​របួសក្នុងសកម្មភាពវាយប្រហារភេរវកម្មនៅក្នុងទីក្រុង Cambrils បានស្លាប់ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ក្រោយ​ពីកើត​មាន​ហេតុការណ៍​ដ៏​អាក្រក់ទាំងនេះ ប្រតិបត្តិការប្រឆាំងភេរវកម្មទ្រង់ទ្រាយធំ បាននិងកំពុងតែប្រព្រឹត្តទៅក្នុងប្រទេសអេស្ប៉ាញ ស្របពេលដែលកម្លាំងប៉ូលិស កំពុងបន្តតាម​ប្រមាញ់ចាប់ខ្លួនជនដៃដល់ ដែលបានបើករថយន្ត​បំបុកហ្វូងមនុស្សនៅទីក្រុង Barcelona និងត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា មានឈ្មោះ Moussa Oukabir វ័យ១៨ឆ្នាំ បន្ទាប់ពីមនុស្ស០៤នាក់ត្រូវបានចាប់ខ្លួន។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បុរសម្នាក់​បានបើករថយន្ត​ដឹកទំនិញ​មួយគ្រឿង បំបុកចូលហ្វូង​មនុស្សនៅ​លើ​ដង​ផ្លូវមួយ​ដែល​សម្បូរ​ទៅ​​ដោយ​ភ្ញៀវ​ទេសចរ​មួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផល​បានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និងជាង១០០នាក់រងរបួស ។ ដោយឡែកនៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រនេះ មានករណីបើករថយន្តបំបុកមនុស្សមួយផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នា កើតឡើងក្នុងទីក្រុង Cambrils ហើយបានបង្កឲ្យមនុស្សចំនួន០៧នាក់របួស ខណៈជនដៃដល់ទាំង០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕