(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ ផ្ទុះការវាយប្រហារភេរវកម្ម០២ករណីនៅអេស៉្បាញ ដោយមួយករណីកើតឡើងក្នុងទីក្រុងបាសេឡូណា (Barcelona) ជាមួយមនុស្សស្លាប់១៣នាក់ និងរបួស​១០០នាក់ ខណៈមួយករណីទៀតនៅក្រុងខេមប្រ៊ីលស៍ (Cambrils) ជាមួយមនុស្សស្លាប់ម្នាក់ និងរបួស០៦នាក់៕

២៖ កូរ៉េខាងជើងព្រមានធ្ងន់ៗថា វិនាសកម្មនៃសង្គ្រាមដ៏ធំធេងនឹងផ្ទុះឡើង បើសិនជាអាមេរិក-កូរ៉េខាងត្បូង ហ៊ានធ្វើសមយុទ្ធយោធានៅសប្តាហ៍ក្រោយ។

៣៖ នាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនភុក (Nguyen Xuan Phuc) បំពេញដំណើរទស្សនកិច្ចផ្លូវការលើកដំបូង នៅឯប្រទេសថៃ ក្រោម​ការ​ទទួល​ស្វាមគមន៍​របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។

៤៖ ព្រឹត្តិការណ៍តាំងពិពណ៌អន្តរជាតិទីក្រុងដាម៉ាស់ ចាប់ផ្តើមប្រាព្ធឡើងជាធម្មតាដូចដើមវិញ ក្រោយពីបានផ្អាកអស់រយៈពេល០៥ឆ្នាំ ដោយសារតែសង្រ្គាមស៊ីរី។

៥៖ អង្គចៅក្រមស្បថចូលកាន់តំណែង នៅតុលាការអ៊ីនធឺណែតមួយដែលទើបបង្កើតឡើង ក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន ដើម្បី​ដោះ​ស្រាយ​សំណុំ​រឿង​នានា ពាក់ព័ន្ធបញ្ហាវិវាទតាមអនឡាញ ដែលកំពុងតែកើនឡើងខ្លាំង។

៦៖ ជុំវិញរឿងក្តី​នាវាដឹកកុងតឺន័រហ្វីលីពីន បុកនាវាពិឃាតអាមេរិក មេបញ្ជាការកងនាវា​អាមេរិកម្នាក់ ត្រូវបានដកចេញពី​តំណែង ខណៈ​គ្រោះថ្នាក់នោះបាន​សម្លាប់នាវិក០៧នាក់។

៧៖ ទ័ពជើងទឹករុស្ស៊ី បាញ់តេស្តមីស៊ីលប្រដេញ ចេញពីនាវាមុជទឹកនុយក្លេអ៊ែរខ្នាតយក្ស នៅភាគពាយ័ព្យប្រទេស៕