(ប៉ាណាម៉ា)៖ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃ ភែន (Mike Pence​) បានសន្យាថា លោកនឹង​ស្វែងរក​ផលប្រយោជន៍​រួមរវាង​សហរដ្ឋអាមេរិក និងបណ្ដាប្រទេស​អាមេរិឡាទីន បន្ទាប់ពី​ដំណើរទស្សនកិច្ច​មកកាន់ប្រទេស​អាមេរិកឡាទីន​ចំនួន ០៤ ដើម្បីផ្សព្វផ្សាយ​ពីគោលនយោបាយ​អាមេរិក ប្រឆាំងនឹង​ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ខណៈប្រទេស​ទាំងនេះ​មាន ការយល់ឃើញ​ខុសគ្នា​លើវិបត្តិនៅវេណេស៊ុយអេឡា​បច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនាឱកាសឈប់​សំចតចុងក្រោយ​ នៃដំណើរទស្សនកិច្ចរបស់នៅ​ប្រទេសប៉ាណាម៉ា កាលពី​ថ្ងៃព្រហស្បតិ៍ លោក ម៉ៃ ភែន បានលើក​ឡើងថា «គោលនយោបាយ​ផលប្រយោជន៍​អាមេរិកមុនគេ» ឬ« America First» មិនមែនផ្ដោត​សំខាន់តែទៅ​លើសហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែគឺផ្ដោត​សំខាន់លើទ្វីបអាមេរិក​ទំាងមូល ហើយបើទោះ​ជាក្រោមអាណត្តិប្រធានាធិបតី ដូណាល់ ត្រាំ សហរដ្ឋអាមេរិក​នឹងនៅតែគិតលើ​សន្តិសុខ និងការរីកចំរើន​របស់អាមេរិក​មុនគេ តែខ្ញុំសង្ឃឹមថា វត្តមានរបស់យើងថ្ងៃនេះ​នៅទីនេះ អាចបញ្ជាក់​បានថា «America First» មិនមែនមាន​ន័យថា សហរដ្ឋអាមេរិក​តែម្នាក់ឯងនោះ​ឡើយ»។

គួររំលឹកថា កាលពីថ្ងៃពុធ​​នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជា​មួយ លោក ម៉ៃ ភែន ប្រធានាធិបតីឈីលី លោកស្រី មីឈែល បាសេឡេត (Michelle Bachelet) បាននិយាយថា ឈីលី​នឹងធ្វើអ្វីគ្រប់យ៉ាង​តាមដែល​អាចធ្វើទៅបានដើម្បី​ជួយ​វេណេស៊ុយអេឡា ដោះស្រាយវិបត្តិ​នៅក្នុងប្រទេស​ដោយសន្តិវិធី ដើម្បីស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។ ក៏ប៉ុន្តែលោកស្រី ក៏បានអះអាងថា ឈីលី​នឹងមិនគាំទ្រ​ជាដាច់ ការធ្វើ​រដ្ឋប្រហារ ឬក៏អន្តរាគមន៍​យោធា​នៅវេណេស៊ុយអេឡា ហើយនេះហាក់​ដូចជាការឆ្លើយ​ទៅនឹង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំដែល​ធ្លាប់បាន​ព្រមានប្រើប្រាស់​កម្លាំងយោធា ប្រឆាំងនឹង​លោក ម៉ាឌូរ៉ូ៕