(សេអ៊ូល)៖ កាសែតរដ្ឋ​កូរ៉េខាងជើង​ Rodong Sinmun នៅថ្ងៃសុក្រនេះ បានឱ្យចំណាត់​ថ្នាក់បរាជ័យ​ដល់ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន សម្រាប់ការ​កាន់តំណែងបាន ១០០ថ្ងៃមកនេះ ហើយថែមទំាងចាត់​ទុកថា លោក មូន គឺជា «មនុស្សពុតត្បុត»។ នេះបើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

លោក មូន ជែអ៊ីន បានជាប់ឆ្នោត​ក្លាយជាប្រធានាធិបតី​កាលពី​ខែឧសភា បន្ទាប់ពីការទម្លាក់​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ចេញពីដំណែង ហើយចាប់ពី​ពេលនោះ មកដែរលោក​បានសាកល្បង​ព្យាយាមដោះស្រាយ​បញ្ហាកម្ម​វិធីមីស៊ីល និងអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង តាមរយៈ​ការស្វែងរក​កិច្ចចរចា​ជាមួយទីក្រុង​ព្យុងយ៉ាង តែរហូតមក​ទល់ពេល​នេះ របបដឹកនាំ​លោក គីម ជុងអ៊ុន មិនទាន់ឆ្លើយតប​នឹងសំណើ​សុំចរចានេះ​នៅឡើយទេ។ បន្ថែមពី​លើនេះ នៅក្នុងសុន្ទរកថា​នាឱកាសនៃកាន់​ដំណែង១០០ថ្ងៃ លោក មូន ក៏បាន​បញ្ជាក់ឡើង វិញដែរថា នឹងមិនមាន​សង្រ្គាមជាដាច់​ខាតជា​មួយកូរ៉េខាងជើង បើសិនជាគ្មាន​ការយល់​ព្រម​ពីទីក្រុងសេអ៊ូល ដោយលោក​នៅតែជំរុញ​ឱ្យទីក្រុងព្យុងយ៉ាង បញ្ឈប់ការ​ធ្វើតេស្ដ​មីស៊ីល ឬអាវុធ​នុយក្លេអ៊ែរ។  

តែទោះជា​យ៉ាងនេះក្ដី កាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun បានចាត់​ទុកថា លោក មូន ជែអ៊ីន គឺជា «មនុស្សពុតត្បុត» រីឯការធ្វើការងារ ១០០ថ្ងៃ មកនេះគឺអន់គ្មានលេខ​ដាក់ និង​គួរឱ្យអស់សង្ឃឹមជាទីបំផុត។ មួយវិញទៀត ដោយមិននិយាយ​ចំឈ្មោះ លោក មូន នៅក្នុងបទវិចារណកថា​របស់ខ្លួន Rodong Sinmun បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «អ្នកកាន់​អំណាចនៅ​កូរ៉េខាងត្បូង​បាននិយាយថា រូបគាត់​កំពុងជំរុញឱ្យ​មានការដាក់​ទណ្ឌកម្ម និងសម្ពាធ ខណៈកំពុង​ព្យាយាមស្វែងរក​កិច្ចសន្ទនា​ក្នុងពេល​ជាមួយគ្នា។ ប៉ុន្តែនេះគឺរឿង​មិនអាចទទួល​យកបាន និងគ្រាន់តែ​ធ្វើឡើង​តាមការបង្គាប់​បញ្ជាពី​សហរដ្ឋអាមេរិក ដើម្បីដណ្ដើម​ទឹកដីកូរ៉េខាងជើង​តែប៉ុណ្ណោះ... កិច្ចសន្ទនា និងទណ្ឌកម្ម​មិនអាចដើរ​ទៅមុខរួមគា្ន​បាន​នោះទេ»៕