(បាងកក)៖ នាយករដ្ឋមន្រ្តី​វៀតណាម លោក ង្វៀន សួនភុក (Nguyen Xuan Phuc) បាននិងកំពុងតែ​បំពេញដំណើរ​ទស្សនកិច្ច​នៅឯប្រទេសថៃ ក្នុងគោលបំណងពង្រឹងកិច្ច​សហប្រតិបត្តិការលើ​បញ្ហាទ្វេភាគី ក៏ដូចជាអន្តរជាតិជាច្រើន និងរឹតបន្តឹង​ទំនាក់ទំនងទ្វេភាគី​រវាងប្រទេស​ទាំងពីរ។ នេះបើតាមការ​ដកស្រង់​​ការ​ផ្សាយ​​ចេញ​ពី​ ទីភ្នាក់​ងារ​ព័ត៌​មាន​ចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃ​សុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

បន្ទាប់ពីទៅដល់​ប្រទេសថៃកាលពី​ថ្ងៃព្រហស្បតិម្សិលមិញ​នេះ លោក Phuc បានចូលជួប​ជាមួយនាយករដ្ឋមន្រ្តី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅឯវិមាន​​រដ្ឋាភិ​បាល​​ថៃ ដើម្បីធ្វើការជជែក​ពិភាក្សាគ្នាអំពី​បញ្ហាផ្សេងៗ​ រួមមានកិច្ចសហប្រតិបត្តិការ​សន្តិសុខ និងការពារជាតិ, ការវិនិយោគទុក និងពាណិជ្ជកម្ម, រួមទាំងកិច្ច​សហ​ប្រតិបត្តិការ​ក្នុងតំបន់ជាដើម។

គួរបញ្ជាក់ថា នេះគឺជាដំណើរ​ទស្សនកិច្ចផ្លូវការ​នៅឯប្រទេសថៃលើកទីមួយហើយ​ របស់លោកនាយករដ្ឋមន្រ្តី​វៀតណាម ចាប់តាំងតែពី​រូបលោក បាន​ឡើង​កាន់​អំណាច​​កាលពី​ខែ​មេសា ឆ្នាំ២០១៦មក៕