(វ៉ាស៊ីនតោន)៖ ក្រសួងការពាជាតិអាមេរិក​បានឱ្យដឹងថា ក្រុមហ៊ុនផលិត​អាវុធអាមេរិក​ចំនួន ០៤ បានទទួលកិច្ចសន្យា​មានតម្លៃជាង ២៣៥លានដុល្លារ ពីរដ្ឋាភិបាល​ក្នុងការផ្គត់ផ្គង់​អាវុធ និងសេវាកម្មពាក់ព័ន្ធ​ដល់កងនាវា និងកងទ័ពជើងទឹក​នៅក្នុង​សហរដ្ឋអាមេរិក​តំបន់ប៉ាស៊ីហ្វិក និង​អាត្លង់ទិក។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន ក្រសួងការពារជាតិ​អាមេរិកបាន​បញ្ជាក់យ៉ាងដូច្នេះថា «តម្លៃប្រាក់ដុល្លារអតិបរមា បូករួមបញ្ចូល​ទាំងពេលវេលា​មូលដ្ឋាន និងជម្រើសមាន​រយៈពេល ០៤ឆ្នាំ សម្រាប់កិច្ច​សន្យា​ចំនួន ០៤ មានតម្លៃជាង ២៣៥លានដុល្លារ»។

គួរបញ្ជាក់ថា បើតាមក្រសួង​ការពារជាតិអាមេរិក​កិច្ចសន្យានេះ​ត្រូវផ្ដល់ទៅឱ្យក្រុមហ៊ុនចំនួន ០៤ មកពីរដ្ឋ អាឡាស្កា (A​laska), កាលីហ្វរញ៉ា និងរដ្ឋផ្លូរីដា ហើយកិច្ចសន្យាទាំងនេះ​ទៀតសោត​ គឺមាន​រយៈពេល ០៥ឆ្នាំ ជាមួយនឹងកាល​បរិច្ឆេទបញ្ចប់នៅ​ខែសីហា ឆ្នាំ២០២២៕