(ម៉ូស្គូ)៖ នាថ្ងៃសុក្រនេះ​យោធាប្រទេសរុស្ស៊ី បានធ្វើតេស្តបាញ់​មីស៊ីលប្រដេញ (Cruise Missile) ដោយជោគជ័យ ចេញពីនាវាមុជទឹក​ដើរដោយ​ថាមពលនុយក្លេ​អ៊ែរ​ដ៏ធំមហិ​មាមួយគ្រឿង នៅក្នុងតំបន់ អាខាងជែល (Arkhangelsk) ភាគពាយ័ព្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

កងទ័ពជើងទឹក​រុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា នាវា​មុជទឹក ស៊ឺវើរ៉ូដវីនក៍ (Severodvinsk) ដែលមាន​សមត្ថភាព​ចម្រុះរបស់កងអង្គភាពជើងទឹក​ភាគខាងជើង បានធ្វើការ​បាញ់​សាកល្បង​មីស៊ីល Kalibr ចំនួនមួយគ្រាប់​ចេញពីក្រោម​ផ្ទៃសមុទ្រដោយ​ជោគជ័យ នៅឯទីតាំងធ្វើតេស្ត​ក្នុងសមុទ្រ បារេនស៍ (Barents) និងមានគោលដៅ​នៅទីតាំង​​សាកល្បង ឈីហ្សា (Chizha) ក្នុង​តំបន់ Arkhangelsk ខណៈមីស៊ីល​នេះរត់បានចម្ងាយ​ប្រមាណ ៦០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា នាវាមុជទឹក Severodvinsk គឺជានាវាមុជ​ទឹកប្រភេទ យ៉ាសេន (Yasen) តែមួយ​គ្រឿងគត់ ដែលកំពុងធ្វើប្រតិបត្តិការ​ក្នុងជួរកងទ័ព​ជើងទឹករុស្ស៊ី។ វាមានទម្ងន់​ ១៣,៨០០តោន, ប្រវែង ១១៨ម៉ែត្រ, អាចធ្វើដំណើរ​ក្នុងល្បឿន ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង, និងអាចមុជចូលទៅក្នុងផ្ទៃទឹកបានជម្រៅ ៦០០ម៉ែត្រ៕