(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡាថ្មី លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស (Delcy Rodriguez) បាន​និយាយ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នឹងតាមប្រមាញ់ ក៏ដូចជាចាប់មេដឹកនាំ​បាតុករ​បង្កហិង្សាទាំងអស់​ដាក់ពន្ធនាគារ ហើយការព្រមាន​នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ​មុននឹងច្បាប់ស្ដី​ពីបទឧក្រិដ្ឋញុះញង់​ឱ្យមានការ​ស្អប់ខ្ពើម ត្រូវគេរំពឹងថា អាចនឹងត្រូវ​អនុម័ត បើទោះជាមានការជំទាស់​ពីក្រុមអ្នក​ការពារសិទ្ធិ​មនុស្ស​ក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន R​euters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

ច្បាប់ថ្មីរបស់​ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺមានគោលបំណង​ប្រឆាំងនឹងរាល់​សកម្មភាពបង្កភាព​ស្អប់ខ្ពើម ត្រូវបានក្រុម​អ្នកការពារសិទ្ធិមនុស្សថ្កោលទោស​យ៉ាងខ្លាំង ព្រមទាំងចោទថា មានគោលដៅលើ​ក្រុមគណបក្ស​ប្រឆាំង ហើយច្បាប់នេះ​ទៀតសោត នឹងត្រូវបាន​អនុម័តដោយ​សភា​ធម្មនុញ្ញថ្មី នៅ​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ ជាមួយគ្នានោះ​ដែរ លោកស្រី Delcy Rodriguez ដែលជា​មនុស្សស្មោះត្រង់​នឹងលោក ម៉ាឌូរ៉ូ ក៏បានបញ្ជាក់ដែរថា ច្បាប់ថ្មីនឹងត្រូវអនុម័ត​នៅមុនចុង​សប្ដាហ៍នេះ។

ម្យ៉ាងវិញទៀត អគ្គរដ្ឋអាជ្ញា​រូបនេះ ថែមទំាងសន្យាថា នឹងតាមប្រមាញ់ និងចាប់ខ្លួនមេដឹកនាំ​បាតុករបង្កហិង្សា​ដាក់ពន្ធនាគារ សម្រាប់​ការទទួល​ខុសត្រូវ​ លើការស្លាប់​របស់មនុស្ស​ច្រើនជាង ១២០នាក់ គិតចាប់តាំងពី​ផ្ទុះបាតុកម្មតវ៉ាទូទាំង​ប្រទេស កាលពីខែមេសា​មក។

គួរបញ្ជាក់ថា បើតាមរបាយការណ៍​របស់អង្គការ​សហប្រជាជាតិ ចេញផ្សាយកាលពី​ថ្ងៃទី០៨ ខែសីហា កងកម្លាំងរក្សា​សណ្ដាប់ធ្នាប់ និងក្រុមគាំទ្រ​រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ គឺជាអ្នក​ទទួលខុស ត្រូវលើការស្លាប់​ចុងក្រោយនៃ​ក្រុមបាតុករ ៧៣នាក់ គិតចាប់តាំងពី​ខែមេសាមក៕