(អេស៉្បាញ)៖ ប៉ូលិសអេស៉្បាញ​បានឲ្យដឹងថា ពួកគេបានបាញ់​សម្លាប់ជនសង្ស័យ​ចំនួន ០៥នាក់ នៅក្នុងក្រុង​ខេមប្រ៊ីលស៍ (Cambrils) ដើម្បី​បញ្ឈប់​​សកម្មភាព​​ប៉ុន​ប៉ង​​វាយប្រហារ​ដោយការបើក​រថយន្តបំបុក​មនុស្សមួយ​ក្រុមផ្សេងទៀត ក្រោយពីករណី​ស្រដៀងគ្នាកើតឡើង​ដោយបាន​សម្រេច នៅប៉ុន្មាន​ម៉ោងមុន​ក្នុង​ទីក្រុង​​បា​សេ​ឡូ​ណា (Barcelona) ហើយបណ្តាញភេរវករលេខ១លើលោក ISIS ត្រូវបានក្រុមជំនាញដាក់ការសង្ស័យខ្លាំង​ជាងគេថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

នៅក្នុង​ទីក្រុង Cambrils មនុស្សចំនួន ០៧នាក់ បានទទួលរងរបួស ដោយក្នុង​ចំណោមនោះ​ទាំងមន្រ្តីប៉ូលិស​មួយរូប​ផងដែរ នៅពេលដែល​រថយន្តមួយ​គ្រឿង ត្រូវ​បានគេបើក​សំដៅបំបុក​ទៅលើមនុស្ស​មួយក្រុម នាថ្ងៃសុក្រនេះ។ យោងតាម​សារព័ត៌មាន​អេស្ប៉ាញ រថយន្តនោះបា​នក្រឡាប់ ហើយនៅពេល​ដែលជនសង្ស័យ​​នៅក្នុងរថយន្ត​បានចេញមកក្រៅ កម្លាំងប៉ូលិស​ក៏បានបើកការបាញ់​ប្រហារភ្លាមៗ​ទៅលើពួកគេ ដោយជន​សង្ស័យចំនួន ០៤នាក់ បានស្លាប់ភ្លាមៗ​នៅហ្នឹង​កន្លែង ខណៈជនទី ០៥ បានទទួល​រងរបួស ហើយទើបតែ​បានបាត់បង់ជីវិត​នៅមុននេះបន្តិច ក្រោមការ​ឃាត់ខ្លួន​របស់ប៉ូលិស។

គួរបញ្ជាក់ថា កាលពីយប់​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បុរសម្នាក់​បានបើករថយន្ត​ដឹកទំនិញ​មួយគ្រឿង បំបុកចូលហ្វូង​មនុស្ស នៅលើដងផ្លូវដែលសម្បូរទៅ​ដោយភ្ញៀវទេសចរ​មួយកន្លែង ក្នុងទីក្រុង Barcelona ដែលជាលទ្ធផល​បានបណ្តាលឲ្យមនុស្សចំនួន ១៣នាក់ស្លាប់ និង១០០នាក់រងរបួស ហើយចំនួននេះអាច​នឹងបន្តកើន​ឡើង ដោយសារតែក្នុងអ្នករង​របួសមួយចំនួន បានស្ថិតក្នុង​សភាពធ្ងន់ធ្ងរខ្លាំង។ ជាមួយគ្នានេះ ក្រុមមន្រ្តីប៉ូលិស​អេស៉្បាញ កំពុងធ្វើការតាម​ប្រមាញ់​ចាប់ខ្លួន អ្នកបើកបររថយន្តបង្កហេតុ ខណៈយោងតាមសាក្សីជា​ច្រើន ជនដៃដល់បានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង៕