(វ៉ាស៊ីនតោន)៖​ មេបញ្ជាការកង​នាវាពិឃាតអាមេរិកម្នាក់ ត្រូវបានគេដកចេញពីតួនាទី បន្ទាប់ពីនាវាពិឃាដអាមេរិក USS Fitzgerald បុកគ្នាជាមួយកាប៉ាល់ដឹកទំនិញហ្វីលីពីនមួយ គ្រឿងនៅឈូងសមុទ្រជប៉ុនកាលពីខែមិថុនា ដោយបណ្ដាលឱ្យនាវិក ០៧នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

យោងតាម លោក ប៊ៀល ម៉ូរ៉ាន (Bill Moran) អនុប្រធានប្រតិបត្តិការ​កងនាវាអាមេរិក មន្ត្រីជាច្រើននាក់មកពី កងនាវាពិឃាត USS Fitzgerald អាចនឹងត្រូវបានដក​ចេញពីដំណែង ក្នុងនោះរួមទាំងមន្ត្រី​ប្រតិបត្តិការ និងមេបញ្ជាការ​ម្នាក់ផងដែរ។ លោក Bill Moran បានបញ្ជាក់ប្រាប់​ក្រុមអ្នកសារព័ត៌មានយ៉ាង​ដូច្នេះថា «ពួកគេនឹង​មិនមានជាប់ពាក់ព័ន្ធ​នឹងនាវាពិឃាតអាមេរិក​នេះទៀតទេ ពីព្រោះតែ​យើងបាន បាត់បង់ជំនឿ និងការទុកចិត្ត​លើសមត្ថភាព​របស់ពួកគេក្នុងការដឹកនាំ ក៏ដូចជាកាន់​ដំណែង​តទៅទៀត... ពួកគេនឹងមិនត្រឡប់​មកកាន់​នាវានេះ​ ជាថ្មីម្ដងទៀត​ឡើយ»

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ​មូលហេតុនៃគ្រោះ​ថ្នាក់បុកគ្នា​ រវាងនាវាពិឃាតអាមេរិក USS Fitzgerald ជាមួយកាប៉ាល់​ដឹកទំនិញ​ហ្វីលីពីនមួយ គ្រឿងនៅឈូង​សមុទ្រជប៉ុន កាលពី​ខែមិថុនា មិនទាន់ត្រូវបាន​គេបញ្ជាក់ឱ្យច្បាស់​នៅឡើយទេ ខណៈក្រុម​នាវិក​ជាច្រើននាក់ កំពុងប្រឈមមុខ​នឹងការពិន័យ​ខាងផ្នែករដ្ឋបាល៕