(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានធ្វើការថ្កោល​ទោសខ្លាំងៗ​លើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​នាថ្ងៃព្រហស្បតិ៍នេះថា ពួកគេកំពុងតែរុ​ញ​ច្រាន​ស្ថាន​ការណ៍​នៅតំបន់​ឧបទ្វីបកូរ៉េ ឲ្យធ្លាក់ទៅក្នុងគ្រោះ​មហន្តរាយហើយ តាមរយៈការធ្វើ​សមយុទ្ធយោធានា​សប្តាហ៍ក្រោយនេះ សំដៅប្រឆាំងនឹង​ទីក្រុង​​ព្យុង​យ៉ាង។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ទីភ្នាក់ងារព័ត៌មាន KCNA បានលើកឡើងថា សមយុទ្ធយោធារួមគ្នារវាងសម្ព័ន្ធមិត្ត អាមេរិក-កូរ៉េខាងត្បូង នឹងកាន់តែ​ជម្រុញ​​ឲ្យស្ថានការណ៍​តំបន់ឧបទ្វីបកូរ៉េ ធ្លាក់ទៅក្នុង​គ្រោះមហន្តរាយ​ថែមទៀត។ កូរ៉េខាងជើង​ដែលបានបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង​ដល់អន្តរជាតិ កាល​ពី​ខែកក្កដា​កន្លង​ទៅ តាមរយៈការបាញ់​ធ្វើតេស្ត​មីស៊ីលផ្លោង​អន្តរទ្វីប ICBM ចំនួនពីរលើក​ដោយ​ជោគជ័យនោះ តែងតែមានការ​មិនពេញចិត្ត​នោះឡើយ ចំពោះសកម្មភាព​​យោធា​គ្រប់​ទម្រង់​​ទាំង​អស់ រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង​នឹង​សហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធ​ប្រចាំឆ្នាំ​របស់ខ្លួន ដែលមាន​ឈ្មោះថា Ulchi Freedom Guardian ចាប់ពីថ្ងៃចន្ទ​ដើមសប្តាហ៍​​ក្រោយ​នេះតទៅ។ ប្រទេសទាំងពីរ​បានហៅសមយុទ្ធ​រួមនេះថា ជាការហ្វឹកហាត់​សមត្ថភាព​ការពារខ្លួន ក៏ប៉ុន្តែកូរ៉េខាងជើង​បានថ្កោលទោស​វាថា គឺជាការហាត់​សមមួយ​សម្រាប់ការធ្វើសង្រ្គាម​នុយក្លេអ៊ែរ ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង៕