(អេស៉្បាញ)៖ មនុស្សយ៉ាងហោចណាស់ចំនួន១៣នាក់ហើយបានស្លាប់ និងអាចប្រមាណជាង១០០នាក់ទៀតបានរងរបួស បន្ទាប់ពីបុរសម្នាក់បានបើក រថយន្តដឹកទំនិញ​បំបុកចូលហ្វូងមនុស្សយ៉ាងសាហាវ នៅលើដងផ្លូវដ៏កកកុញមួយរបស់ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ ខណៈប៉ូលិសបានទទួលស្គាល់ថា វា​គឺ​ជា​ករណី​ភេរវកម្មសុទ្ធសាធ (ISIS) និងកំពុងតែបន្តតាមប្រមាញ់ចាប់ខ្លួនជនដៃដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧។

មន្រ្តីប៉ូលិសជាន់ខ្ពស់អេស៉្បាញលោក Josep Lluis Trapero បានថ្លែងថា «ករណីនេះបានបង្ហាញយ៉ាងជាក់ស្តែងថា គឺជាអំពើភេរវកម្មសុទ្ធសាធ ដោយមានចេត​នា ផ្តាច់យកជីវិតមនុស្សឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅរួច»។ ក្រុមមន្រ្តីប៉ូលិសបានឲ្យដឹងទៀតថា ពួកគេបានធ្វើការឃាត់ខ្លួនបុរសពីរនាក់ ដែលម្នាក់ជា​ជន​ជាតិម៉ូរ៉ូកូន និងម្នាក់ទៀតមកពីទីក្រុង Melilla នៃប្រទេសអេស៉្បាញ ក៏ប៉ុន្តែទាំងពីរនាក់ពុំមែនជា អ្នកបើកបររថយន្តបង្កហេតុនោះឡើយ។ យោងតាមសាក្សីជា​ច្រើន ជនដៃដល់បានរត់គេចខ្លួនពីកន្លែងកើតហេតុដោយថ្មើរជើង។

ជុំវិញករណីភេរវកម្មដ៏សាហាវនេះ ក្រុមភេរវករ ISIS បានចេញមុខប្រកាសតាមរយៈទីភ្នាក់ងារព័ត៌មាន Amaq របស់ខ្លួនថា ជនដៃដល់នៅក្នុងការ​វាយប្រហារនៅទីក្រុង Barcelona នេះ គឺជាអ្នកប្រយុទ្ធរបស់ ISIS និងបានធ្វើសកម្មភាពតបទៅតាម ការអំពាវនាវឲ្យវាយប្រហារលើក្រុមប្រទេស ដែលចូល​រួម​ក្នុង​កងកម្លាំងចម្រុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីកម្ចាត់ក្រុមភេរវករនេះ៕