(ម៉ូស្គូ)៖ សមាជិកសភារុស្ស៊ីលោក Konstantin Zatulin បានលើកឡើងថា ទោះបីជាគេរកឃើញថា អ៊ុយក្រែនពិតជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនគ្រាប់មីស៊ីលផ្លោង ទៅឲ្យ​ប្រទេសកូរ៉េខាងជើងមែននោះ បណ្តាប្រទេសលោកខាងលិច នឹងរូមគ្នាជួយការពារទីក្រុងកៀវ (Kiev) ពីការចោទប្រកាន់ក៏ដូចជាកំហុសផ្សេងៗ ទាំងអស់មិន​ខាន​​ឡើយ​។ នេះ​បើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

តំណាងរាស្រ្តជាន់ខ្ពស់រុស្ស៊ីរូបនេះ បានថ្លែងប្រាប់សារព័ត៌មាន Sputnik ថា «ប្រសិនបើអ៊ុយក្រែនពិតជា បានធ្វើការដឹកជញ្ជូនម៉ាស៊ីនសម្រាប់គ្រាប់មីស៊ីលរបស់​ខ្លួន ទៅឲ្យកូរ៉េខាងជើងមែននោះ វាប្រាកដណាស់ថា លោកខាងលិចនឹងមានចំណាប់អារម្មណ៍ ក្នុងការធ្វើជាខែលការពារអ៊ុយក្រែន ដូចទៅនឹងករណីផ្សេង​ៗ​ទៀតអ៊ីចឹងដែរ។ យើងដឹងច្បាស់ថាក្នុងគ្រប់ករណីទាំងអស់ ពាក់ព័ន្ធនឹងការបំពានបទឈប់បាញ់ និងការមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុង Minsk វា​មិន​​សំខាន់​​នោះ​​ឡើយថាអ៊ុយក្រែនបានធ្វើអ្វីខ្លះ គឺតែងតែមានការព្យាយាមការពារប្រទេសមួយនេះជានិច្ច ហើយក្នុងករណីលើកនេះ (ផ្គត់ផ្គង់ម៉ាស៊ីនមីស៊ីលឲ្យកូរ៉េខាងជើង) ក៏អាចទៅរួច​ដូចគ្នាដែរ​»។ យ៉ាងណាមិញ លោក Zatulin បានគូសបញ្ជាក់ថា វាដូចជាឆាប់ពេកហើយ ក្នុងការចោទប្រកាន់ទីក្រុងកៀវ ចំពោះទង្វើបែបនេះ ដោយ​សម្អាង​ថា ចាំបាច់ត្រូវមានព័ត៌មានលម្អិតច្បាស់លាស់បន្ថែមទៀតទាក់ទិននឹងរឿងនេះ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មាន New York Times ដោយផ្អែកលើប្រភពពីអ្នកវិភាគដ៏ជំនាញម្នាក់ រួម​ជា​មួយ​និង​ការ​វាយ​តម្លៃ​របស់​បណ្តាញ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក បានធ្វើសេចក្តីរាយការណ៍ថា ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យទាំងពីរលើក កាលពីខែកក្កដាកន្លងទៅ របស់​កូរ៉េ​ខាងជើង ប្រហែលជាដោយសារតែការទិញម៉ាស៊ីនមីស៊ីលដោយខុសច្បាប់ ពីក្រុមហ៊ុនរដ្ឋ Yuzhmash របស់អ៊ុយក្រែន។ ដោយឡែក មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន​ រួមមានទាំងនាយករដ្ឋមន្រ្តីលោក Volodymyr Groysman និងលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ លោក Oleksandr Turchynov បានចេញមុខ​ច្រានចោលសេចក្តីរាយការណ៍ព័ត៌មាននេះ៕

លោក Konstantin Zatulin សមាជិកសភារុស្ស៊ី