(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងនៅតែបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយ កូរ៉េខាងត្បូងដដែលនាសប្តាហ៍ក្រោយ ដោយមិនខ្វល់ពីការប្រឆាំងរបស់ប្រទេស​កូរ៉េខាងជើងឡើយ ខណៈទីក្រុងសេអ៊ូលបានក្រើនរំលឹកថា វាអាចនឹងធ្វើឲ្យទីក្រុងព្យុងយ៉ាង បង្កហេតុជាថ្មីម្តងទៀត។ នេះ​បើ​តាម​សម្តីរបស់​ក្រសួង​ការ​បរ​ទេស​អា​មេ​រិក ដកស្រង់ដោយ​ទីភ្នាក់​ងារ​ព័ត៌​មាន​​កូរ៉េ​ខាង​ត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់ថា សមយុទ្ធយោធារួមរវាងសម្ព័ន្ធទាំងពីរ នឹងប្រព្រឹត្តទៅ​ក្នុងប្រទេស​កូ​រ៉េ​ខាង​ត្បូង នាថ្ងៃចន្ទសប្តាហ៍ក្រោយ​នេះ ទោះបីជាទើបតែមានភាពតានខ្លាំងជាមួយកូរ៉េខាងជើងយ៉ាងណាក្តី។ លោកស្រី Nauert បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងនឹងនៅតែបន្តធ្វើសមយុទ្ធយោធានេះដដែល ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់»

លោកស្រីអ្នកនាំពាក្យថែមទាំងបានបន្ត ច្រានចោលគំនិត ដែលត្រូវ​បានលើកឡើងកាលពីពេលកន្លងទៅដោយចិននិងរុស្ស៊ីថែមទៀត ដើម្បីស្នើឲ្យ​ផ្អាក​ការ​ធ្វើ​សម​យុទ្ធ​យោធាអាមេរិក-កូរ៉េខាងត្បូង ជាថ្នូរនឹងការបញ្ឈប់សកម្មភាព​បង្ករឿងបាញ់សាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ ដោយឡែកលោកស្រី Nauert បានបដិសេធសុំមិនធ្វើការអត្ថាធិប្បាយ ជុំវិញសំណួរថាតើសមយុទ្ធយោធាលើកនេះ អាចនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតូចជាងមុនដែរឬយ៉ាងណានោះឡើយ ដោយនិយាយថា វាគឺជាសំណួរសម្រាប់មន្ទីរបញ្ចកោណអាមេរិក។

គួរបញ្ជាក់ថា ទោះបីជាភាពតានតឹង​នៅតំបន់​ឧបទ្វីបកូរ៉េ ហាក់ដូចជា​បានថយចុះវិញ​ ក្រោយពី​សង្រ្គាមពាក្យ​សម្តីយ៉ាងក្តៅ​គគុក រវាងសហរដ្ឋអាមេរិកនិង​កូរ៉េ​ខាង​ជើង​​​បានផ្ទុះឡើង​កាលពី​សប្តាហ៍មុនក៏ដោយ កូរ៉េខាងត្បូង​បានព្រមានថា នៅពេល​ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល​ធ្វើសមយុទ្ធយោធារួម​គ្នា​ជា​ថ្មី​ម្តង​ទៀត ក្រោម​ក្រសែ​ភ្នែក​របស់ លោក គីម ជុងអ៊ុន ដែលបានសម្រេចផ្អាកផែនការបាញ់មីស៊ីលព្រមានកោះហ្គាំ (Guam) ដើម្បី​រង់​​ចាំមើល​សកម្ម​ភាព​អាមេរិកបន្តិច​សិននោះ​ អាចនឹងធ្វើតេស្ត​មីស៊ីលផ្លោងសាជាថ្មីបន្តទៀតដែរ៕