(ម៉ានីល)៖ ប៉ូលិសហ្វីលីពីនបានដឹកនាំ​ប្រតិបត្តិការប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ទាំងយប់​ ដោយបានសម្លាប់​ជនសង្ស័យ ២៦នាក់ ក្នុងទីក្រុង​ម៉ានីល ហើយដែលនេះ​គឺជាប្រតិបត្តិការ​បង្ហូរឈាម ជាលើកទី ០២ នៅក្នុង​សប្ដាហ៍នេះ ​ក្រោមក្របខណ្ឌ​នៃសង្រ្គាមប្រឆាំង​គ្រឿងញៀន របស់ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ទន្ទឹមគ្នានោះ​កាលពីថ្ងៃចន្ទ ប៉ូលិសហ្វីលីពីន​ក៏បានអះអាង​ដែរថា ពួកគេបាន​បាញ់សម្លាប់​មនុស្ស ៣២នាក់ និងឃាត់ខ្លួន​មនុស្ស ១០៩នាក់ នៅក្នុងប្រតិបត្តិការ​វាយឆ្មក់​ប្រឆាំង​គ្រឿងញៀន​ជាបន្តបន្ទាប់ នៅឯខេត្តប៊ូឡាកាន់ (Bulacan) ស្ថិតនៅក្បែរ​ទីក្រុងម៉ានីល។ ដោយឡែក​ជុំវិញប្រតិបត្តិការ​នេះដែរ ថ្លែងនៅក្នុង​ពិធីជួបជុំមួយ​នៅឯវិមាន​ប្រធានាធិបតី លោក ឌូតឺតេ បានកោត សរសើរយ៉ាងខ្លាំង​ដល់ប៉ូលិសជាតិ​ហ្វីលីពីន។
ប្រធានាធិបតី​រូបនេះបានលើក​ឡើងដូច្នេះថា «វាជារឿងដ៏ស្រស់​បំព្រង... បើសិនជាយើងអាច​សម្លាប់ពួកគេ (ឧកិដ្ឋជន​គ្រឿងញៀន) តែ ៣២នាក់ ក្នុងមួយថ្ងៃនោះវាអាចនឹងជួយ​យើងកាត់បន្ថយ​នូវអ្វី ដែលកំពុងបំផ្លាញ​ប្រទេសជាតិ​របស់យើង ពោលគឺខ្ញុំចង់​និយាយថា គ្រឿងញៀនកំពុង​ស៊ីប្រទេសយើង​ទាំងមូល ហើយវា​នឹងបំផ្លាញ​ប្រទេស​មួយនេះ រួមទាំងអ្នក​បើទោះជាអ្នកជាជន​រងគ្រោះ ឬក៏ឧក្រិដ្ឋជន​ក៏ដោយ... ដូច្នេះបើយើង​មិនបានធ្វើអ្វី​ទេនោះ នោះវាទើបជាបញ្ហា»

គួរបញ្ជាក់ថា ចាប់តាំងពី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាប់ឆ្នោតជា​ប្រធានាធិបតីហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦មក មនុស្សយ៉ាង​ហោចណាស់ ៣,៥០០នាក់ ត្រូវបានសម្លាប់​នៅក្នុង​ប្រតិបត្តិការ​បោសសំអាត​គ្រឿងញៀន។ ម្យ៉ាងវិញទៀត បើទោះជា​មានការថ្កោលទោស​ពីអន្តរជាតិក៏ដោយ ក៏ប៉ុន្តែលោក ឌូតឺតេ នៅតែអះអាងថា លោកនឹងលះបង់​តម្លៃគ្រប់យ៉ាង ដើម្បី ការពារសន្តិសុខ និងសន្តិភាព​ជូនប្រជាជន​ហ្វីលីពីន៕