(ដាម៉ាស់)៖ អនុរដ្ឋមន្ត្រី​ការបរទេសស៊ីរី លោក ហ្វាសាល់ ម៉េកដេដ (Faisal Mekdad) បានអះអាងថា រដ្ឋាភិបាល​ទីក្រុងដាម៉ាស់ នឹងផ្ដល់ជំនួយ​ដល់ក្រុមអ្នកស៊ើប​អង្កេតអន្តរជាតិ​មកពី អង្គការ​ហាមឃាត់ការប្រើ​ប្រាស់អាវុធគីមី (OPCW)​ ដែលនឹងបំពេញ​បេសកកម្មស៊ើបអង្កេត​ ទាក់ទិននឹងការប្រើប្រាស់​អាវុធគីមីនៅក្នុង​ប្រទេសស៊ីរី ក្នុងពេលឆាប់ៗ​នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានដ៏​ខ្លីមួយ លោក Faisal Mekdad​ បានគូសបញ្ជាក់​ដូច្នេះថា «រដ្ឋាភិបាលស៊ីរី នឹងជួយ​សម្របសម្រួល​ដល់ក្រុមអ្នកស៊ើប​អង្កេត រហូតដល់ប៉ុស្ដិ៍ត្រួតពិនិត្យ​ចុងក្រោយរបស់​កងទ័ពស៊ីរី មុននឹងពួកគេ​ធ្វើដំណើរចូល​ទៅដល់តំបន់​គ្រប់គ្រង​ដោយ ពួកឧទ្ទាមក្នុង​ទីក្រុង ខាន់ ហ្សេកគុន (Khan Sheikhun) ខេត្ត អ៊ីដលីប (Idlib)...។ ជាងនេះទៅទៀត​ទីក្រុងដាម៉ាស់ ស្វាគមន៍ការ​ស៊ើប​អង្កេតនេះ ហើយយើងក៏​ធ្លាប់បានស្នើ​សុំដែរ ដូច្នេះយើងសង្ឃឹមថា កិច្ចពិភាក្សា​ដែលនឹងត្រូវធ្វើឡើង​នៅថ្ងៃនេះ (ថ្ងៃពុធ) នៅឯក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ នឹងមានភាព​ជាក់លាក់»

គួរបញ្ជាក់ថា បេកសកកម្ម​ស៊ើបអង្កេត នៃក្រុមអ្នកជំនាញ​មកពី OPCW នឹងស្វែងរក​ភស្ដុតាងពិតប្រាកដ​ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរី​បានប្រើប្រាស់​អាវុធគីមី​កាលពីខែ មេសា​កន្លងទៅ នៅក្នុងទីក្រុង Khan Sheikhun ដោយបាន​សម្លាប់ និងបង្កឱ្យមនុស្ស​របួសយ៉ាង​ហោចណាស់ជាង ១០០នាក់។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ស៊ីរី បានបដិសេធរាល់​ការចោទប្រកាន់ និងបានទម្លាក់ការទទួលខុសត្រូវនេះ​លើពួកឧទ្ទាម៕