(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់​ក្រុមហ៊ុនយក្ស​លក់ទំនិញតាមប្រព័ន្ធ​អ៊ីនធឺណែត អាម៉ាហ្សូន (Amazon) ថា បានបំផ្លាញ​ពាណិជ្ជកម្ម​ធុនតូច និងការងារ​នៅក្នុង​សហរដ្ឋអាមេរិក ខណៈរូបលោក​ផ្ទាល់កំពុងមាន​បញ្ហាស្រាប់​ ជាមួយអ្នករកស៊ី​អាមេរិកធំៗ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងប្រអប់​បញ្ចេញមតិលើ​បណ្ដាញ Twitter កាលពី​ថ្ងៃ​ពុធ លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «Amazon​ កំពុងបំផ្លាញយ៉ាងធ្ងន់ធ្ងរ​ ដល់ពាណិជ្ជករ​លក់រាយ​ ដែលជាអ្នកតែងបង់​ពន្ធជូនរដ្ឋ... ហើយទីក្រុងនៅទូទាំង​សហរដ្ឋអាមេរិក ក៏កំពុងរងការ​ឈឺចាប់ផងដែរ រីឯការងារ​មួយចំនួនកំពុង​បាត់បង់ជា​បណ្ដើរៗ»។ យ៉ាងណា​ក៏ដោយ អតីត មហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ មិនបានផ្ដល់​ឧទាហរណ៍បញ្ជាក់អ្វី​នោះទេ ប៉ុន្តែគេដឹងថា វិស័យលក់រាយ​នៅ​សហរដ្ឋអាអាមេរិក មានដូចជា​សម្លៀកបំពាក់ និងគ្រឿង​អេឡិចត្រូនិក​ជាដើម ដែលមាន​អត្រាកំណើន​ទាប នារយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ដោយសាតែ​ការប្រកួតប្រជែង​ខ្លាំង ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណែត។

ជាក់ស្ដែង បើតាមតួលេខផ្ដល់ដោយ​ក្រុមមន្ត្រីអាមេរិក វិស័យ​លក់រាយ​នៅ​សហរដ្ឋអាមេរិក​មានអត្រា​កំណើនត្រឹម​តែ ០.៦ភាគរយប៉ុណ្ណោះ កាលពី​ខែកក្កដាកន្លងទៅ បើធៀបទៅ​នឹងការលក់តាម​ប្រព័ន្ធអ៊ីនធឺណែត មានកំណើន​ដល់ទៅ ១.៣ភាគរយ ក្នុង​រយៈពេល​ដូចគ្នា។

គួរបញ្ជាក់ថា ការរិះគន់​ខាងលើរបស់ លោក ​ដូណាល់ ត្រាំ កើតមានឡើង​បន្ទាប់ពីកាសែត​អាមេរិក Washington Post ដែលជាកម្មសិទ្ធិ​នៃនាយកប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក ចេហ្វ បេសូហ្វ (Jeff Bezos) បានចេញ​ផ្សាយអត្ថបទ​មួយដោយរិះគន់​លើការអត្ថាធិប្បាយ​របស់ លោក ត្រាំ ជុំវិញអំពើហិង្សានៅឯទីក្រុង ឆាឡូតតេស៍វាល (Charlottesville)៕