(ម៉ូស្គូ)៖ អតីតមន្ត្រីទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់​អាមេរិក CIA លោក ចន ឃីរាគូ (John Kiriakou) បាននិយាយថា កង្វះខាតនៃការគិតទុក​ជាមុនរបស់​សហរដ្ឋអាមេរិក និងសង្រ្គាម​នៅក្នុងតំបន់​មជ្ឈិមបូព៌ា បច្ចុប្បន្នបានបង្ហាញ​យ៉ាងច្បាស់ថា អតីតមេភេរវករអន្តរជាតិ អូសាម៉ា ប៊ិន ឡាដិន (Osama bin Laden) និងពួកភេរវករជ្រុល​និយមគឺជាអ្នកឈ្នះ​ នៅក្នុងសង្រ្គាម​ភេរវកម្ម។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik ពេលឆ្លើយនឹង​សំណួរអ្នកសារព័ត៌មាន​សួរថា តើហេតុអ្វីបាន​ជាកម្មវិធី​ផ្ដល់អាវុធ និងបណ្ដុះបណ្ដាល​ក្រុមឧទ្ទាមប្រឆាំង​នឹងប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាសាដ របស់ CIA​ បរាជ័យ? លោក John Kiriakou បានគូសបញ្ជាក់យ៉ាងថា «វាគឺដោយសារតែ​ភាពក្រអឺតក្រទម​របស់ CIA, ក្រុមប្រឹក្សា​សន្តិសុខជាតិ (NSC), សេតវិមាន, ក្រសួងការបរទេស, រួមទាំងមន្ទីរបញ្ចកោណ ​ទើបមិនអាច​បញ្ចប់សង្រ្គាម​សព្វថ្ងៃនេះ​បាន...។ មួយវិញទៀត យុទ្ធនាការធ្វើ​សង្រ្គាមប្រឆាំង​នឹងរបបដឹកនាំ​លីប៊ី លោក មួអាម៉ា ហ្គាដាហ្វី (Muammar al-Gaddafi) និង ការផ្ដួល​រំលំរបប សាដាម ហូស្សេន (Saddam Hussein) នៅអ៊ីរ៉ាក់ កងទ័ពអាមេរិក​មិនមានគំរោង​អ្វីទាល់តែ​សោះ សម្រាប់នៅ​ក្រោយពេលរបបដឹកនាំ​ទាំងពីរនេះ​ ដែលខ្លួនហៅថា របបផ្ដាច់ការបាន​ដួលរលំ ហើយ នេះក៏មិនខុសគ្នា​ដែរ​ទៅនឹងអ្វីដែល​សហរដ្ឋអាមេរិក កំពុងធ្វើ​នៅស៊ីរី​បច្ចុប្បន្ន... ដូច្នេះខ្ញុំចង់ប្រាប់អ្នកថា ការផ្ដួលរំលំ​របបមួយវាជារឿង​ងាយស្រួល​ តែការបង្កើត​របបមួយ​ស្របច្បាប់ទើបវា ជារឿង​លំបាក»

គួរបញ្ជាក់ថា លោក John Kiriakou​ គឺជាមន្ត្រីអតីត​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ម្នាក់។ លោកមានឈ្មោះ​បោះសំឡេង​ខ្លាំង នៅពេលលោក​អះអាងប្រាប់​អ្នកសារព័ត៌មាន​ថា CIA បានប្រើ​ប្រាស់វិធី​ដាក់ទណ្ឌកម្ម​ច្រមុជទឹក ដើម្បីសួរចម្លើយ​អ្នកទោស ជាបណ្តាញរបស់អាល់កៃដា កាលពី​ឆ្នាំ២០០៧។ ប៉ុន្តែ ក្រោយមកលោក​ត្រូវបានគេ​ផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ​រយៈពេល ០២ឆ្នាំ ពីបទរំលោភ លើព័ត៌មាន​សម្ងាត់ជាតិ​ ដោយផ្ដល់ព័ត៌មាន​ពីការធ្វើទារុណកម្ម​លើអ្នក​ទោស ទៅឱ្យ​កាសែត New York Times​ កាលពី​ឆ្នាំ២០០៨៕