(សេអ៊ូល)៖ ភាពតានតឹង​នៅតំបន់​ឧបទ្វីបកូរ៉េ ហាក់ដូចជា​បានថយចុះវិញ​ហើយ ក្រោយពី​សង្រ្គាមពាក្យ​សម្តីយ៉ាងក្តៅ​គគុក រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង​​បានផ្ទុះឡើង​កាលពី​សប្តាហ៍មុន ប៉ុន្តែកូរ៉េខាងត្បូង​បានព្រមានថា នៅពេល​ដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល​ធ្វើសមយុទ្ធយោធា​រួមគ្នាជាថ្មីម្តងទៀត ក្រោម​ក្រសែ​ភ្នែក​របស់ លោក គីម ជុងអ៊ុន នោះ​ការបាញ់សាកល្បងមីស៊ីលផ្លោង ពីសំណាក់ទីក្រុងព្យុងយ៉ាង អាចនឹងកើតឡើងជាបន្តទៀតដែរ។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ស្របពេលដែល​សមយុទ្ធយោធា Ulchi Freedom Guardian ត្រូវបានគេ​កំណត់ថា នឹងប្រព្រឹត្តទៅ​នាថ្ងៃចន្ទសប្តាហ៍​ក្រោយនេះ ក្រសួង​ការ​ពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង បានលើកឡើង​នៅក្នុងសេចក្តីការណ៍​របស់ខ្លួនថា វាមានលទ្ធភាព​ខ្ពស់ណាស់​ដែលកូរ៉េខាងជើង នឹងធ្វើសកម្មភាព​បង្កហេតុ​ណាមួយ ដើម្បីសម្តែង​ការតវ៉ា​ប្រឆាំង​នឹងទណ្ឌកម្មថ្មី​របស់អង្គការ​សហប្រជាជាតិ រួមទាំង​សមយុទ្ធ UFG។ ការធ្វើ​សមយុទ្ធ​យោធា UFG ដែលកងទ័ព​អាមេរិកបានធ្វើ​ការហាត់សម និងអនុវត្តន៍​ការ​​វាយ​​ប្រហារ​​​ទៅលើប្រទេស​កូរ៉េខាងជើងនោះ ពុំមែនជារឿងដែល​ទីក្រុងព្យុងយ៉ាង​ អាចមើលរំលងបាន​នោះឡើយ។

គួរបញ្ជាក់ថា យោធា​កូរ៉េខាងជើង​បានអភិវឌ្ឍន៍​ផែនការមួយ សំដៅធ្វើការបាញ់​មីស៊ីលផ្លោង​ព្រមានទៅលើ​កោះហ្គាំ (Guam) របស់​សហរដ្ឋអាមេរិក ហើយ​​លោក​ គីម ជុងអ៊ុន បានឲ្យដឹងថា រូបលោកបាន​ត្រួតពិនិត្យយ៉ាង​ហ្មត់ចត់​លើគម្រោងនេះ​រួចហើយ និងនៅរង់ចាំ​អង្កេតមើល​​សិន ថាតើទីក្រុងវ៉ាស៊ីនតោន​នៅតែ​បន្តបង្ក​សកម្មភាព​បង្ករឿង ដ៏គ្រោះថ្នាក់ដែរ ឬយ៉ាងណា នៅមុនពេល​ធ្វើការសម្រេចចិត្ត​ចុងក្រោយ​ថា គួរតែអនុវត្តន៍ផែន​ការនេះ ឬក៏អត់៕