(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) បានជំរុញឱ្យ​បណ្ដាប្រទេស​អាមេរិកឡាទីន​ទំាងអស់ កាត់ផ្ដាច់រាល់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង នៅអំឡុង​នៃការ​បំពេញដំណើរ​ទស្សនកិច្ច​របស់លោក នៅក្នុងប្រទេសឈីលី​កាលពីថ្ងៃពុធ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក ភែន ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន​រួមគ្នា ជាមួយប្រធានាធិបតី​ឈីលី លោកស្រី មីឈែល បាឈែឡេត (Michelle Bachelet) នៅឯទីក្រុង សាន់ត្យាហ្គោ (Santiago) ហើយនា​ឱកាស​នោះអនុប្រធានាធិបតី​អាមេរិករូបនេះ​ ក៏បានអះអាង​ដែរថា ទីក្រុងវ៉ាស៊ីនតោន​ចង់ទប់ស្កាត់​កូរ៉េខាងជើង​មិនឱ្យទទួលបាន​ទំនិញ ឬផលិតផល ដែលជួយដល់​ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល​នៃរបបដឹកនាំ លោក គីម ជុងអ៊ុន។

លោក ភែន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃនេះយើង​ជំរុញយ៉ាងពេញ​ទំហឹង​ឱ្យឈីលី ហើយយើង​បានជំរុញ ប្រេស៊ីល មិចស៊ីកូ និងប៉េរូ កាត់ផ្ដាច់រាល់​ទំនាក់ការទូត និងពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង... ជាពិសេសនោះ ឈីលីគួរតែ​បឈ្ឈប់ការ​លក់ស្រា (​Wine) ឱ្យកូរ៉េខាងជើង ក្រោមក្របខណ្ឌ​នៃការអនុវត្តន៍ទណ្ឌកម្ម​អាមេរិក»

តែទោះជាយ៉ាង​ក៏ដោយ រដ្ឋមន្ត្រីការបរទេស​ឈីលី លោក ហ៊ែរ៉ាលដូ មូណូស (Heraldo Munoz) បានបដិសេធនឹង​សំណើនេះ​ដោយនិយាយថា ប្រទេសរបស់លោកមិនសូវមានទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង នោះទេ ប៉ុន្តែឈីលី​នឹងបន្តអនុវត្តន៍រាល់ដំណោះស្រាយ​ដាក់ទណ្ឌកម្មដោយយូអិន ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង៕