(ការ៉ាកាស់)៖ អ្នកទោសយ៉ាង​ហោចណាស់​ចំនួន ៣៧នាក់ បានបាត់បង់ជីវិត​ក្នុងពន្ធនាគារ​មួយកន្លែង នៅភាគខាងត្បូង​ប្រទេស​វេណេស៊ុយអេឡា បន្ទាប់ពី​ការ​ប៉ះទង្គិចគ្នា​យ៉ាងសាហាវ​បានកើតឡើង រវាងក្រុមទណ្ឌិត និងក្រុមមន្រ្តីសន្តិសុខពន្ធនាគារ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

យោងតាមអភិបាលរដ្ឋ ​អាម៉ាហ្សូណាស់ (Amazonas) លោក លីបូរីយ៉ូ ហ្គារូលឡា (Liborio Guarulla) អំពើហិង្សា​ខាងលើបានកើត​ឡើងកាលពីយប់កណ្តាលអាធ្រាតថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលា​នៅ​តំបន់កើតហេតុ) នៅពន្ធនាគារមួយកន្លែងក្នុងទីក្រុង ភើតូ អាយ៉ាគូចូ (Puerto Ayacucho)។ លោក Guarulla បានឲ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់ពន្ធនា​គារ​នោះ ដើម្បីស្តារ​សណ្តាប់ធ្នាប់​ឡើងវិញ បន្ទាប់ពីពួកអ្នកទោស​បានកាន់កាប់​វា កាលពីប៉ុន្មានសប្តាហ៍​កន្លងទៅ។

គួរបញ្ជាក់ថា បើតាមការិយាល័យ​អគ្គដ្ឋអាជ្ញា​វេណេស៊ុយអេឡា មន្រ្តីសន្តិសុខពន្ធនាគារ​ចំនួន ១៤នាក់ ក៏បានទទួលរងរបួសផងដែរ​នៅក្នុងការប្រយុទ្ធគ្នានេះ​ ខណៈអ្នកដែលបានស្លាប់ទាំងអស់សុទ្ធតែ​ជាទណ្ឌិត ហើយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតទៅលើហេតុការណ៍នេះ៕