(សៀរ៉ាឡេអូ)៖ អាជ្ញាធរសៀរ៉ាឡេអូននៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មនុស្សជិត ៤០០នាក់ ហើយបានស្លាប់ ដោយសារគ្រោះ​រអិលបាក់ដី និងទឹកជំនន់​ដ៏ប្រល័យមួយ​បានវាយប្រហារមកលើតំបន់ ភ្នំ រីជែន (Regent) ស្ថិតនៅក្បែររដ្ឋធានី​ហ្វី្រថោន (Freetown) នៃប្រទេសស្ថិតនៅ​ក្នុងតំបន់អាហ្វ្រិកខាងលិចមួយនេះ។ នេះបើ​តាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរនៅ​ក្នុងតំបន់ភ្នំ Regent ភ្លៀងធ្លាក់បានបង្កជាការរអិលបាក់អី និងទឹកជំនន់​យ៉ាងគំហុក បណ្ដាលឱ្យផ្ទះជាច្រើនខ្នងត្រូវ​កប់នៅក្រោមគំនរ​ភក់ ខណៈហេតុការណ៍​នេះត្រូវបានគេរាយការ​ណ៍ថា បានវាយប្រហារយ៉ាងសន្ធប់ចាប់តាំងពីដើមសប្តាហ៍នេះមកម្ល៉េះ។ ដោយឡែក​ក្រុមអ្នកជួយសង្រ្គោះ រួមទាំងយោធា​ជាច្រើននាក់បាន និងកំពុងបន្តធ្វើប្រតិបត្តិការស្វែងរកប្រជាជនដែលបាត់ខ្លួនសរុប ៦០០នាក់ ហើយគេជឿជាក់ថា ចំនួនអ្នកសា្លប់​អាចនឹងកើន​ឡើងច្រើន​ជាងចំនួនខាងលើនេះ។

គួររំលឹកថា កាលពីឆ្នាំ២០១៥ រដ្ឋធានីហ្វី្រថោន នៃប្រទេស​សៀរ៉ាឡេអូន​ក៏ធ្លាប់រងគ្រោះ​ដោយសារទឹកជំនន់​ក្នុងរដូវមូសុង​ផងដែរ ដោយនៅកាលណោះ​មានមនុស្ស ១០នាក់ បានស្លាប់និង បន្សល់ទុក​មនុស្សរាប់ពាន់នាក់​គ្មានផ្ទះសម្បែង​ស្នាក់នៅ។ កាលពីដើមសប្តាហ៍នេះ បណ្តាប្រទេសមួយចំនួន ក៏បានសម្រេចផ្តល់ជំនួយជាបណ្តើរៗ ផងដែរដល់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងនោះចិនប្រកាសផ្តល់ជំនួយ ២០០ពាន់ដុល្លារ៕