(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Ghassemi នៅថ្ងៃពុធនេះ បានចេញមុខទាត់ចោលការរិះគន់របស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់បានរំខាននិងបំបិទសិទ្ធិ សេរីភាពលើជំនឿសាសនា ដោយថែមទាំងប្រាប់ទីក្រុងវ៉ាស៊ីនតោនឱ្យទៅឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន មុននឹងចេញរបាយការណ៍រិះគន់បណ្ដាប្រទេសដទៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Straitstimes នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់លោក Bahram Ghassemi ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសអាមេរិក ចេញរបាយការណ៍ប្រចាំឆ្នាំស្ដីពីការរំលោភបំពានលើជំនឿ និងសាសនា នៅក្នុងប្រទេសជាង២០០ ហើយនៅក្នុងរបាយការណ៍នេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានសម្ដែងការសោកស្ដាយដែលអ៊ីរ៉ង់នៅតែបន្តកាត់ទោសប្រហារជីវិត មនុស្សក្នុងនាមច្បាប់ក្បត់ ឬបោះបង់ចោលសាសនា។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងគេហទំព័រក្រសួងការបទេសអ៊ីរ៉ង់ លោក Ghassemi បានគូសបញ្ជាក់ដូច្នេះថា៖«អ៊ីរ៉ង់ចាត់ទុកថា របាយការណ៍នេះ គឺគ្មានមូលដ្ឋាននិងលម្អៀង ព្រមទំាងត្រូវបានធ្វើឡើងក្នុងចេតនានយោបាយតែប៉ុណ្ណោះ...ជាងនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោន គួរតែឆ្លុះកញ្ចក់មើលខ្លួនឯងជាមុនសិន ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ សាសនា លើប្រជាជនមូស្លីម ដែលបាននិងកំពុងប្រឈមមុខនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស ឬកងកម្លាំសន្តិសុខអាមេរិក»។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិក រដ្ឋាភិបាលអ៊ីរ៉ង់ នៅតែបន្តរំលោភពាន យាយី សួរចម្លើយ និងឃាត់ខ្លួនអ្នកកាន់សាសនាអ៊ីស្លាមនិយកាយស៊ុននីត គ្រឹស្ដ ជាដើម៕