(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានសរសើរមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់ការផ្អាកការបាញ់មីស៊ីលឆ្ពោះមកកាន់កោះហ្គាំ (Guam) ហើយដែលនេះគឺសកម្មភាពទប់ស្កាត់ការបង្កជម្លោះនៅក្នុងភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងប្រអប់បញ្ចេញលើបណ្ដាញ Twitter លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា៖« (លោក) គីម ជុងអ៊ុននៃប្រទេសកូរ៉េខាងជើងបានសម្រេចចិត្តដ៏ឆ្លាតវៃ និងសមហេតុសមផល ... ហើយជម្រើសផ្សេងទៀតគឺមានតែពីរប៉ុណ្ណោះនោះគឺ «គ្រោះមហន្តរាយ» និង«មិនអាចទទួលយកបាន»

គួររំលឹកថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ ខ្លួនឯងផ្ទាល់បានគំរាមត្រង់ៗថានឹងប្រើប្រាស់កម្លាំង​យោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយមួយថ្ងៃបន្ទាប់មក កូរ៉េខាងជើងមិនបាន បង្អង់យូរឡើយ ដោយព្រមានវាយបកថានឹងបាញ់គ្រាប់មីស៊ីល០៤គា្រប់ ទៅកាន់តំបន់ដែនទឹកក្បែរកោះហ្គាំ។ ក៏ប៉ុន្តែ បើតាមស្ថានីយ៍ទូរទស្សន៍ KCNA ក្រោយពិនិត្យមើលយ៉ាងល្អិតល្អន់ លោក គីម ជុងអ៊ុន បានសម្រេចចិត្តផ្អាកគំរោងបាញ់មីស៊ីលនេះទៅវិញ ដោយនៅរង់ចាំមើលសកម្មភាពបង្កគ្រោះថ្នាក់របស់សហរដ្ឋអាមេរិកជាមុនសិន៕