(ញូដេលី)៖ កងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នា​មួយប្រ៉ាវ​ក្នុងតំបន់ជម្លោះ​មួយកន្លែង នៅលើជួរភ្នំ​ហិម៉ាល័យ (Himalayas) ដែលប្រការ​នេះ បាន​ដុតបញ្ឆេះ​ភាព​​​តានតឹងថែមទៀត ក្នុងអំឡុងនៃការ​ប្រឈមមុខគ្នារាប់ខែ រវាងកម្លាំងយោធា​នៃមហាយក្ស​អាស៊ីទាំងពីរ នៅតាមព្រំដែន។ នេះបើតាមការអះអាង​​ពី​មន្រ្តី​យោ​ធា​ឥណ្ឌា ដកស្រង់​សម្តីដោយ​សារព័ត៌មាន Channle News Asia នៅរសៀល​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

មន្រ្តីយោធាឥណ្ឌា​ម្នាក់ដែលមិន​បញ្ចេញឈ្មោះ បានឲ្យដឹងថា កងទ័ពចិនបាន​យកដុំថ្មចោលមកលើកងទ័ពឥណ្ឌា នៅក្បែរបឹង ផាហ្គុង (Pangong) ដែលជាតំបន់ទាក់​​ទាញ​ភ្ញៀវទេសចរ​ដ៏ល្បីល្បាញរបស់​ប្រទេសឥណ្ឌា នៅក្នុងតំបន់ភ្នំ ឡាដាក់ (Ladakh) កាលពីថ្ងៃអង្គារ​ម្សិលមិញ។ មន្រ្តីរូបនេះ​បានអះអាងថា ក្រុមទាហានចិន បានព្យាយាម​ពីរ​លើក ដើម្បីជ្រៀតចូលមកក្នុង​ដែនដីរបស់ឥណ្ឌា ក៏ប៉ុន្តែត្រូវបានបណ្តេញ​ចេញទៅវិញ។ ប្រភពដដែល​បានបន្តថា មានហេតុការណ៍តូចតាចមួយបានកើតឡើង ដោយមានការគប់ដុំថ្ម​ពីខាងប្រទេសចិន ក៏ប៉ុន្តែភ្លាមៗស្ថានការណ៍​ ក៏ស្ថិតក្រោមការគ្រប់គ្រង​ជាធម្មតាវិញ បន្ទាប់ពីភាគី​ទាំងសងបានដកថយ​ចេញឆ្ងាយពីគ្នា​ វិល​ទៅរកទីតាំង​ដើមរៀងៗខ្លួន។

ប៉ូលិសនៅ​ក្នុងរដ្ឋ ចាំមូ (Jammu) និង កាស្មៀ (Kashmir) ជាទីដែលភ្នំ Ladakh តាំងនៅនោះ បានលើកឡើងថា ការប៉ះទង្គិចគ្នា​បែបនេះ គឺជាសុទ្ធសឹងតែជារឿង​ធម្មតាទៅហើយ​ នៅតាមតំបន់ព្រំដែន​ដែលត្រូវបានគេស្គាល់ថា Line of Actual Control ឬ LAC ហើយទោះបី​ជាលើកនេះ​មើលទៅ ដូចជាយ៉ាប់យឺន​ជាងហេតុការណ៍​រាល់ដង​យ៉ាងណាក្តី ពុំមានការប្រើប្រាស់​អាវុធបោះឡើយពីភាគី​ទាំងសងខាង។

គួរបញ្ជាក់ថា ហេតុការណ៍នេះ​បានកើតឡើង ចំពោះពេលដែល​ឥណ្ឌា និងចិនកំពុងតែមាន​បញ្ហាវិវាទព្រំដែន​យ៉ាងក្តៅគគុក នៅក្នុងតំបន់ខ្ពស់​រាប​យុទ្ធ​សាស្រ្ត Doklam ដែលស្ថិត​នៅចម្ងាយរាប់ពាន់​គីឡូម៉ែត្រពីតំបន់ប៉ះទង្គិចគ្នានេះ ជាទីដែលកងទ័ព​ឥណ្ឌា និងចិនរាប់រយនាក់ បាននិងកំពុងតែ​ប្រឈមមុខ​ដាក់គ្នា អស់រយៈ​ពេលជាងពីរខែ​មកហើយ៕