(ញូដេលី)៖ គ្រោះទឹកជំនន់នៅប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ដែលបានវាយលុក​រដ្ឋ ប៊ីហារ (Bihar) ភាគខាងកើត​ប្រទេស​ឥណ្ឌា បានផ្តាច់ជីវិតមនុស្ស​យ៉ាងតិចចំនួន ៩១នាក់ និង​បង្កផលប៉ះពាល់​ដល់មនុស្ស​ជាង ៩.៦លាននាក់ ផ្សេងទៀត។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ​២០១៧។

យោងតាមអាជ្ញាធរ​ឥណ្ឌា​ការធ្លាក់ភ្លៀង​យ៉ាងជោគជាំ​ ក្នុងអំឡុងពេលបី​ថ្ងៃកន្លង​ទៅនេះ បានបង្កជា​គ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានធ្វើ​ឲ្យជន់លិចផ្ទៃដី​យ៉ាងធំ​​​នៅតាមបណ្តា​សង្កាត់ជាច្រើន ភាគខាងជើង និងខាងកើតនៃ​ទីក្រុង ផាត់ណា (Patna) របស់​ខេត្ត Bihar។ លើសពីនេះ​ការធ្លាក់ភ្លៀង​​ឥត​ឈប់​ឈរ​នៅតាមតំបន់​​ទាក់​ទាញ​ទឹក​ភ្លៀង ក្នុងប្រទេស​នេប៉ាល់ ដែល​នៅ​ក្បែរខាងគ្នា​នោះ ក៏បានចូលរួម​បង្កឲ្យស្ថានការណ៍​ កាន់តែអាក្រក់ថែម​ទៀតផងដែរ។

គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់​ត្រូវបានបង្ខំឲ្យ​ជម្លៀសខ្លួនពីផ្ទះ​សម្បែង​របស់ពួកគេ ស្របពេល​ដែលក្រុមភ្នាក់ងារ​គ្រប់គ្រង​​គ្រោះ​មហន្ត​រាយ បាន​និង​កំពុង​​បន្ត​ប្រតិបត្តិ​ការ​ជួយសង្រ្គោះ​យ៉ាងសកម្ម ហើយអាជ្ញាធរ​ប្រចាំតំបន់​ ក៏បានរៀបចំជំរុំ​ជ្រកកោន​ជាបណ្តោះអាសន្ន ឲ្យអ្នកដែល​បានទទួលរងផល​ប៉ះពាល់ និងថែមទាំង​បាន​​ប្រកាស​ផ្តល់ថវិកា ​លើកទឹកចិត្ត​ដល់ក្រុមគ្រួសារ ដែលបានបាត់បង់​សមាជិក​របស់ពួកគេ ដោយសារគ្រោះទឹកជំនន់​នេះ ក្នុងមួយគ្រួសារ​ចំនួន ៦,២១៦ដុល្លារ ផងដែរ៕