(ញូដេលី)៖ មេដឹកនាំមហាយក្សលេខ ២ នៅតំបន់អាស៊ី គឺនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាថ្ងៃអង្គារនេះ​បានសន្យាថា នឹងធ្វើការស្ថាបនា «ប្រទេសឥណ្ឌាដ៏ថ្មីសន្លាងមួយ» នៅ​ត្រឹមឆ្នាំ​២០២២ ដែលគ្មានការបែងចែកវណ្ណៈ, សកម្មភាពភេរវកម្ម, និងអំពើពុករលួយ​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

ក្នុងអំឡុងនៃ​ការថ្លែងសុន្ទរក​ថា ដើម្បីអបអរ​ថ្ងៃឯករាជ្យជាតិ​របស់ឥណ្ឌា នៅឯ​បន្ទាយ Red Fort ក្នុងរដ្ឋធានី​ញូដេលី លោក Modi បានលើក​ឡើងថា «ប្រជាជាតិ​​ឥណ្ឌាថ្មី គឺជាប្រទេសមួយ​ដែលនឹងបោះបង់​ផ្នត់គំនិតចាស់​គំរិលចោល ហើយងាក​ទៅប្រកាន់យក​ផ្នត់គំនិតថ្មីៗ​​ដែលល្អជាងមុន ហើយវានឹង​ជួយប្រជាជាតិ​យើង​​ទាំងមូល»។ លោកនាយករដ្ឋ​មន្រ្តីឥណ្ឌា​បានបន្តថា នៅពេលដល់​ឆ្នាំ២០២២ ខាងមុខ ជនទីទាល់ក្រ​នឹងមានផ្ទះ​ថ្មនៅ, កសិករនឹងទទួល​បានកម្រៃទ្វេដង, រីឯ​យុវវ័យជំនាន់​ក្រោយរួមទាំងស្រី្តភេទ នឹងទទួលបានឱកាសជាច្រើន ដោយប្រទេស​ឥណ្ឌា នឹងលែងមានការបែងចែក​វណ្ណៈ, សកម្មភាពភេរវកម្ម, អំពើពុករលួយ​, និង បក្សពួកនិយម... គឺជាឥណ្ឌាដ៏ស្អាតស្អំថ្មីមួយ។

គួរបញ្ជាក់ថា ឆ្នាំ២០១៧នេះ​គឺជាគម្រប់ខួប ៧០ឆ្នាំ នៃការទទួលបានឯករាជ្យ​របស់ឥណ្ឌា ពីចក្រភព​អង់គ្លេស ដូចគ្នាទៅនឹង​ប្រទេសប៉ាគីស្ថាន ដែលបានបែកចេញ​​ពីប្រទេសអាស៊ីខាងត្បូង​មួយនេះដែរ កាលពី​ឆ្នាំ១៩៤៧៕