(វ៉ាស៊ីនតោន)៖ អនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ផេន (Mike Pence) ក្នុងឱកាសនៃ​ការធ្វើដំណើរ​ទស្សនកិច្ច នៅឯប្រទេស​តំបន់អាមេរិកឡាទីន​បានបញ្ជាក់ថា សហរដ្ឋអាមេ​រិក នឹងពិចារណាលើការប្រើអំណាច​សេដ្ឋកិច្ច និងការទូតដែល​ខ្លួនមាន ដើម្បីដោះស្រាយ​វិបត្តិនៅក្នុងប្រទេស​វេណេស៊ុយអេឡា ខណៈជម្រើស​នៃការប្រើ​ប្រាស់​កម្លាំងយោធា នៅតែមិនទាន់ត្រូវបានបោះបង់ចោល​ដដែល។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

ស្របពេលដែល​កំពុងស្ថិតក្នុង​ទីក្រុង Cartagena ប្រទេស​កូឡុំប៊ី លោក Pence បាននិយាយថា ប្រទេស​វេណេស៊ុយអេឡា​ដែលបរាជ័យ នឹងបង្កការ​គំរាមកំហែង​​ដល់​សហរដ្ឋអាមេរិក ហើយទីក្រុង​វ៉ាស៊ីនតោន​នឹងប្រើប្រាស់ឥទ្ធិពល​សេដ្ឋកិច្ច និងការទូតដែលខ្លួនមានទាំង​ប៉ុន្មាន ដើម្បីដោះស្រាយ​​វិបត្តិ​នៅ​ក្នុងប្រទេស​​អា​មេ​រិក​ឡាទីន​មួយនេះ។ ទន្ទឹមនឹងនេះ លោក​អនុប្រធានាធិបតី​អាមេរិក នៅតែគាំទ្រជំហរ​ព្រមានធ្ងន់ៗ​របស់ លោក ដូណាល់ ត្រាំ ដែលថា​ការប្រើសកម្មភាព​យោធា មិន​ត្រូវបានបោះបង់ចោល​នោះឡើយ។ ក្នុងអំឡុងពេល​នៅឯប្រទេស​កូឡុំប៊ី លោក Mike Pence ក៏បានពិភាក្សា​អំពីការដាក់ទណ្ឌកម្ម​បន្ថែមទៀត ប្រឆាំងនឹង​វេណេ​ស៊ុយអេឡា​ផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​ទៅកាន់បួនប្រទេស​របស់ លោក Pence រួមមាន កូឡុំប៊ី, អាហ្សង់ទីន, ឈីលី, និងប៉ាណាម៉ា ត្រូវបានធ្វើឡើង​ស្របពេលដែល​​សហរដ្ឋអាមេរិក បានព្យាយាមបង្រួបបង្រួម​ប្រទេសក្នុងតំបន់នេះ ដើម្បីប្រឆាំងនឹង​ចេតនារបស់ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក្នុងការ​ប្រមូលផ្តុំអំណាច​របស់លោក។ ក៏ប៉ុន្តែ​ដោយសារតែ​ជម្រើសនៃការប្រើ​កម្លាំងទ័ព មិនត្រូវបានដកចេញ​ពី​ការពិចារណា មេដឹកនាំប្រទេស​អាមេរិកឡាទីន​ជាច្រើន​ មិនបានសម្តែងការគាំទ្រ​នោះឡើយ៕