(អ៊ីស្លាម៉ាបាដ)៖ នាពេលថ្មីៗនេះ​ប៉ាគីស្ថាន​បានប្រារព្ធពិធី​អបអរសាទរ​ ខួបគម្រប់​៧០ឆ្នាំ នៃការទទួល​បានឯករាជ្យ ក៏ដូចជាការចាប់​កំណើត​របស់ ​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Aljazeera នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

ប៉ាគីស្ថានគឺជាប្រទេស​ដ៏ពិសេសប្លែកគេ នៅក្នុងចំណោមបណ្តា​ប្រទេសមូស្លីម​ដទៃៗទៀត ដោយប្រជាជនជាតិនេះ គឺជាប្រទេសតែមួយគត់ ដែលត្រូវបានបង្កើត​​ឡើង​សម្រាប់​សាសនា​​អ៊ីស្លាមតែម្តង។ ជាលទ្ធផលនៃ​ចលនា Pakistan Movement ដឹកនាំដោយ លោក មូហាំម៉ាដ អាលី ជីនណាហ៍ (Muhammad Ali Jinnah) ដែលក្រោយមក​ជាបិតាស្ថាបនិក​របស់​ប្រទេស​​នេះ​​ ប៉ាគីស្ថានក៏បាន​បែកចេញពី​ប្រទេសឥណ្ឌា ហើយចាប់កំណើត​ឡើងកាលពី​ឆ្នាំ១៩៤៧ ក្នុងនាមជា​ប្រជាជាតិឯករាជ្យ​​ដាច់ដោយ​ឡែក​មួយ ​សម្រាប់​ជន​ជាតិ​ឥណ្ឌា ដែលកាន់​សាសនាអ៊ីស្លាម។

គួរបញ្ជាក់ថា បច្ចុប្បន្ន​ប៉ាគីស្ថាន មានកងទ័ព​ដែលធំជាងគេលេខ​រៀង​ទី០៦ នៅលើពិភពលោក និងជាមហាអំណាច​នុយក្លេអ៊ែរ​មួយផងដែរ ជាមួយប្រជាជន​សរុប​ចំនួនជិត ១៩៧លាននាក់ រួមទាំងផ្ទៃដី ៨៨១,៩១៣គីឡូម៉ែត្រក្រឡា។ ទោះបីមានកំណើតដើមពីឥណ្ឌាក៏ដោយ ប៉ុន្តែក្នុងនាមជាអ្នកជិតខាង និងអតីតបងប្អូនទាំងពីរនេះ នៅតែបន្តមានជម្លោះរវាងគ្នាជានិច្ច ហើយជម្លោះនៅតាមព្រំដែនដែលមិនទាន់មាន​ការបែងចែកដាច់ស្រាច់ ដូចតំបន់កាស្មៀ នៅតែបញ្ហាចម្បងនៃទំនាក់ទំនងទ្វេភាគី ឥណ្ឌា-ប៉ាគីស្ថាន ដដែល៕