(​ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានដាក់បញ្ជា​ឱ្យកងទ័ពជាតិ ធ្វើសមយុទ្ធយោធា​នៅទូទាំងប្រទេស ដោយចាប់នឹងផ្ដើមពី​ថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែសីហានេះ បន្ទាប់ពីមាន​ការព្រមានពី​សំណាក់​សមភាគី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបានរំលឹកពី​លទ្ធភាព​នៃការធ្វើអន្តរាគមន៍​យោធា ដើម្បីដោះស្រាយ​វិបត្តិនៅក្នុងប្រទេស​វេណេស៊ុយអេឡា។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

ថ្លែងទៅកាន់អ្នកគាំទ្រ​របស់ខ្លួន ក្នុងរដ្ឋធានី​ការ៉ាកាស់ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ប្រជាជនវេណេស៊ុយអេឡាទំាងអស់​ គួរតែត្រៀមខ្លូន​ដើម្បីការពារ​ប្រទេសជាតិ ប្រឆាំងនឹងពួក​ចក្រពត្តិ... ដូច្នេះហើយ​ខ្ញុំបានដាក់​បញ្ជាដល់សេនាធិការយោធាទំាងអស់ ឱ្យរៀបចំធ្វើសមយុទ្ធយោធា​ថ្នាក់ជាតិ ស៊ីវិល និងយោធា មកពីគ្រប់វិស័យ​ការពារជាតិ និងកងទ័ពជាតិ​ទាំងអស់»

គួររំលឹកថា កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន​មានជម្រើសជាច្រើន​ក្នុងនោះរួមមានទាំង​ការប្រើប្រាស់​កម្លាំងយោធា ដើម្បីដោះស្រាយ​វិបត្តិ នៅក្នុងប្រទេស​វេណេស៊ុយអេឡា។ ក៏ប៉ុន្តែទន្ទឹមគ្នា បណ្ដាប្រទេសក្នុងតំបន់​អាមេរិកឡាទីន ដូចជា អាហ្សង់ទីន ប៉េរូ មិចស៊ីកូ និងកូឡុំប៊ី បានចេញមុខទាត់​ចោល និងថ្កោលទោស​យ៉ាងខ្លាំង ចំពោះជម្រើស​យោធា​របស់លោក ដូណាល់ ត្រាំ ដោយអះអាង​ទៀតថា កិច្ចសន្ទនា និងការទូត គឺជាមធ្យោបាយ​តែមួយគត់​ក្នុងការលើក​កម្ពស់​ប្រជាធិបតេយ្យ និងដោះស្រាយ​វិបត្តិនៅក្នុង ប្រទេស​វេណស៊ុយអេឡា។

ម្យ៉ាងវិញទៀត អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ភែន (Mike Pence) ក្នុងឱកាសនៃ​ការធ្វើដំណើរទស្សនកិច្ច​ក្នុងតំបន់អាមេរិកឡាទីន​ ក៏បានបញ្ជាក់ឡើងវិញ​ដែរថា សហរដ្ឋអាមេ​រិក​នឹងពិចារណាលើ​ការប្រើអំណាច​សេដ្ឋកិច្ច និងការទូតដែល​ខ្លួនមានក្នុងការដោះស្រាយ​វិបត្តិ​នៅ​វេណេស៊ុយអេឡា ខណៈជម្រើស​នៃការប្រើ​ប្រាស់កម្លាំងយោធា ​នៅតែ​មិនទាន់ត្រូវបានបោះបង់ចោល​ដដែល៕