​(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ជែម ម៉ាតទីស (​James Mattis) បានព្រមានត្រង់ៗ​តែម្ដងថា សហរដ្ឋអាមេរិក​នឹងធ្វើសង្រ្គាម​ជាមួយ​កូរ៉េខាងជើង បើសិនជា​ទីក្រុងព្យុងយ៉ាង ហ៊ានផ្សងព្រេង​បាញ់មីស៊ីល​លើកោះហ្គំា (Guam)​។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់ លោក ជែម ម៉ាតទីស ធ្វើឡើងនៅក្នុងដំណើរ​ទស្សនកិច្ចដ៏​ភ្ញាក់ផ្អើល ទៅកាន់មន្ទីរបញ្ចកោណ និងនៅចំពេល​កូរ៉េខាងជើង​គំរាមវាយប្រហារ​លើកោះហ្គាំ​ ជាទីដែលកងទ័ព​អាមេរិក ៧,០០០នាក់ រួមទាំងយន្ដហោះ​ទម្លាក់គ្រាប់បែក​ជាច្រើនគ្រឿង​កំពុងឈរជើង។ លោករដ្ឋមន្ត្រី​ការពារជាតិរូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងនឹងដឹង​គ្រប់ពេល​វេលា បើសិន គ្រាប់មីស៊ីល​ឆ្ពោះតម្រង់​មកកាន់​កោះហ្គាំ... ហើយខ្ញុំគិតថា បើជាពួកគេ (កូរ៉េខាងជើង) វាយប្រហារ​មកលើ​សហរដ្ឋអាមេរិក នោះសង្រ្គាមនឹង​ផ្ទុះឡើងភ្លាម... ពិតមែនហើយ​បើពួកគេ​វាយប្រហារ លើពួកយើង គឺមានន័យស្មើ​នឹងការប្រកាស​សង្រ្គាម»

តែទោះជាយ៉ាងណា លោក ម៉ាតទីស ក៏បានគូសបញ្ជាក់ដែរថា បើទីក្រុង​ព្យុងយ៉ាង​បាញ់មីស៊ីលធ្លាក់​នៅក្បែរ​ដែនទឹក​កោះហ្គាំ នោះការ​សម្រេចចិត្ត​នឹងត្រូវប្រគល់ឱ្យ​លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាពិគ្រោះ​យោបល់ជា​មួយសម្ព័ន្ធមិត្ត​អាមេរិក។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ​បើតាមសារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការត្រួត​ពិនិត្យ និងពិភាក្សាលើ​គម្រោងបាញ់​មីស៊ីលតម្រង់​ទៅកោះហ្គាំ​យ៉ាងហ្មត់ចត់ ក្នុង​អំឡុង​នៃ​ការចុះធ្វើ​អធិការកិច្ច នៅទីបញ្ជាការកងកម្លាំង​យុទ្ធសាស្រ្ត​កូរ៉េខាងជើង បន្ទាប់ពីយោធានៃរដ្ឋកុម្មុយនិស្ត​មួយនេះ បានប្រកាស​កាលពីសប្តាហ៍​មុនថា ខ្លួន​នឹង​បង្ហើយ​​ផែន​ការ​លម្អិតក្នុងការបាញ់​គ្រាប់មីស៊ីលផ្លោង​ចំនួន ០៤គ្រាប់ ព្រមានកោះហ្គាំ​នៅត្រឹមពាក់​កណ្តាល​ខែសីហានេះ ហើយបញ្ជូនបន្ត​ទៅឲ្យ លោក គីម ជុងអ៊ុន ដើម្បីរង់ចាំ​ការសម្រេច​ចិត្ត​ចុងក្រោយ៕