(សេអ៊ូល)៖ មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍អំពី​ផែនការផ្លោង​មីស៊ីលទៅក្បែរកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក​ហើយ ដែលវាគឺជាទីតាំងយុទ្ធសាស្រ្ត​ដ៏សំខាន់មួយ និងជាជម្រកនៃមូលដ្ឋាន​ទ័ពជើងទឹក​ និងអាកាស​របស់​អាមេរិក។ នេះបើតាមសេចក្តី​ប្រកាស​របស់​ ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០១៧។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន KCNA ប្រមុខដឹកនាំ​កូរ៉េខាងជើងបានធ្វើការ​ត្រួតពិនិត្យ និងពិភាក្សាលើគម្រោងនេះ​យ៉ាងហ្មត់ចត់ កាលពី​ថ្ងៃចន្ទ​សប្តាហ៍នេះ ក្នុង​អំឡុង​នៃ​ការចុះធ្វើ​អធិការកិច្ចនៅទីបញ្ជាការកងកម្លាំង​យុទ្ធសាស្រ្ត​កូរ៉េខាងជើង បន្ទាប់ពី​យោធានៃរដ្ឋ​កុម្មុយនិស្ត​មួយនេះ បានប្រកាសកាលពី​សប្តាហ៍មុនថា ខ្លួន​នឹង​បង្ហើយ​​ផែន​ការ​​លម្អិតក្នុងការបាញ់គ្រាប់មីស៊ីល​ផ្លោងចំនួន ០៤គ្រាប់ ព្រមាន​កោះហ្គាំ នៅត្រឹមពាក់កណ្តាលខែសីហានេះ ហើយបញ្ជូនបន្តទៅឲ្យ​លោក គីម ជុងអ៊ុន ដើម្បីរង់ចាំការ​សម្រេចចិត្ត​ចុងក្រោយ។ យ៉ាងណាមិញ លោក គីម ជុងអ៊ុន ទំនងជានឹង​ពន្យាពេលនៃការអនុវត្តន៍​គម្រោងនេះ ដោយនិយាយថា រូបលោក​នឹងនៅរង់ចាំ​មើលអាកប្បកិរិយា​របស់ទីក្រុង​វ៉ាស៊ីនតោន បន្តិចទៀតសិន។

គួរបញ្ជាក់ថា ផែនការបាញ់​មីស៊ីលសំដៅទៅរក​កោះហ្គាំនេះ បានលេចឡើង​បន្ទាប់ពីការដាក់ទណ្ឌកម្មថ្មី​បន្ថែមពី​ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ​ដោយសារតែ​ការធ្វើតេស្ត​មីស៊ីល ICBM ចំនួនពីរលើក​របស់ទីក្រុងព្យុងយ៉ាង​ កាលពីខែកក្កដា​កន្លងទៅ​រួមទាំងការព្រមាន​របស់ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចំពោះ​កូរ៉េខាងជើងថា នឹងភ្លក្សរសជាតិ​ភ្លើងកំហឹងយ៉ាងក្តៅគគុក ប្រសិនបើ​នៅតែបង្កការគំរាមកំហែង​ដល់​សហរដ្ឋអាមេរិក​ទៀត៕