(ប៉េកាំង)៖ ទណ្ឌកម្មបន្ថែមទៀតពី​ប្រទេសចិន​ត្រូវបានប្រកាសចេញហើយ ដោយក្នុងនោះ​មហាយក្សលេខ១ នៅទ្វីបអាស៊ី​មួយនេះ បានសម្រេចបម្រាមថ្មី​របស់ខ្លួន ដោយហាមការនាំចូលទំនិញដូចជា រ៉ែដែក និងគ្រឿងសមុទ្រ​ពីកូរ៉េខាងជើង បន្ថែមពីលើបម្រាមនាំចូលរ៉ែធ្យូងថ្ម ដែលបានដាក់ប៉ុន្មានខែមកហើយនោះ ដែលនេះជាការ​អនុវត្តន៍ទៅតាមដំណោះស្រាយ​របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ ឆ្លើយតបទៅនឹង​ការរឹងទទឹង​ធ្វើតេស្តមីស៊ីលផ្លោងឆ្លង​ទ្វីប​ពីរលើក​របស់ទីក្រុង​ព្យុងយ៉ាង កាលពីខែកក្កដា​កន្លងទៅ។ នេះបើតាម​ការ​ចេញ​ផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀល​ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

បើតាមច្បាប់របស់​អង្គការសហប្រជាជាតិ រាល់ដំណោះស្រាយទាំងអស់​ដែលត្រូវបានអនុម័ត​ជាផ្លូវការ​ នោះបណ្តាប្រទេស​ពាក់ព័ន្ធ​មានរយៈពេល ៣០ថ្ងៃ ក្នុងការអនុវត្តន៍​តាមជាដាច់ខាត ហើយបើគិតចាប់ពី​ថ្ងៃទី០៦ ខែសីហាមក គឺវាមានរយៈពេលមួយសប្តាហ៍ទៅហើយ ដែលចិនទើបបានប្រកាសដាក់ទណ្ឌកម្មលើកូរ៉េខាងជើង​ដូចខាងលើនេះ ដោយមិនបង្អង់យូរទៀតនោះឡើយ។ ការដាក់ទណ្ឌកម្មថ្មី​លើកូរ៉េខាងជើងនេះ គឺស្របទៅតាម​ការចង់បានរបស់​អាមេរិក ដែលមានគោលដៅ​កៀបសង្កត់របបដឹកនាំ​កូរ៉េខាងជើង តាមរយៈ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចធ្ងន់ឡើងៗ ដែលនឹងធ្វើឲ្យ​កូរ៉េខាងជើងខាតបង់យ៉ាងហោចណាស់ ០៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ការប្រកាសអនុវត្តន៍ទណ្ឌកម្មលើកូរ៉េខាងជើង ពីសំណាក់រដ្ឋាភិបាលចិននេះ បានកើតមានឡើងតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបាន​កោះហៅ​អគ្គរដ្ឋទូត​​សំខាន់ៗ​មួយចំនួន ត្រឡប់មកកាន់​ទីក្រុងព្យុងយ៉ាងវិញ​​រួមមានដូចជា​ លោក ជី ចែយ៉ុង (Ji Jae-ryong) អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​ប្រទេសចិន, អគ្គរដ្ឋទូតប្រចាំ​យូអិន លោក ចា សុងណាំ (Ja Song-nam) និង អគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី លោក គីម យ៉ុងជន (Kim Hyong-jun) ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមួយ៕