(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​គួរតែអាចនឹងទិញ យន្ដហោះប៊ូអ៊ីង (Boeing) ចំណាស់ធុន ៧៤៧ ចំនួនពីរគ្រឿង​ពីក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ីមួយ ដែលបានក្ស័យធន ដើម្បីយកមក​ជំនួសយន្ដហោះ ដឹកប្រធានាធិបតី​អាមេរិក Air Force One បច្ចុប្បន្ន។ នេះគឺជាផ្នែក​មួយនៃធ្វើតាម​ការសន្យារបស់​ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុងការសន្សំ​សំចៃកញ្ចប់ថវិកាជាតិ។ ​នេះបើតាមការចេញ​ផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាម​គេហទំព័រ Defense One យន្ដហោះប៊ូអ៊ីង ៧៤៧​ទំាងពីរគ្រឿងនេះ នឹងត្រូវយកទៅ​តម្លើងឡើងវិញ និងអភិវឌ្ឍន៍ដើម្បីយកមក​ប្រើជាយន្ដហោះ Air Force One។ យន្ដហោះទំាងពីរ​គ្រឿងខាងលើប្រើប្រាស់​បច្ចេកវិទ្យា តាំងតែពីសម័យ​សង្រ្គាមត្រជាក់​មកម្ល៉េះ ហើយវាត្រូវបានបញ្ជាទិញ​ដំបូងពី​ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Transaero Airlines មុននឹង ក្ស័យធនកាល​ពីឆ្នាំ២០១៥ ក្រោយប្រតិបត្តិការ​ពាណិជ្ជកម្ម អស់រយៈពេលជាង ២៤ឆ្នាំ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Defense One បន្ទាប់ពីកិច្ចព្រមព្រៀងទិញ​បានបញ្ចប់ យន្ដហោះទាំងពីរ​គ្រឿងនេះអាច​នឹងត្រូវញ្ចូនបន្ត​ទៅរោងចក្ររបស់​ក្រុមហ៊ុនប៊ូអ៊ីង ដើម្បីជួសជុល ឡើងវិញក្នុងរួមមាន​ទាំងប្រព័ន្ធទំនាក់ទំនង បច្ចេកវិទ្យាការពារ​ដោយសម្ងាត់ ព្រមទំាងប្រព័ន្ធ​ទប់ទល់នឹង​អេឡិចត្រូម៉ាញេទិចជាដើម៕​