​(មូស្គ)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់យ៉ាងច្បាស់ថា វិបត្តិនៅក្នុង​ប្រទេស​វេណេស៊ុយអេឡា​ អាចនឹងត្រូវបាន​ដោះស្រាយដោយ​សន្តិវិធី តាមរយៈកិច្ច​សហប្រតិបត្តិការ រវាង​ទីក្រុង​វ៉ាស៊ីនតោន និងបណ្ដាប្រទេស​អាមេរិកឡាទីន។ នេះបើតាមសម្តីអនុ​ប្រធានាធិបតី​អាមេរិក លោក ម៉ៃ ភែន (Mike Pence) ដកស្រង់ដោយ​សារព័ត៌មាន Sputnik​ ​នៅរសៀលថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ការថែ្លងបែបនេះ​របស់ លោក ម៉ៃ ភែន ធ្វើឡើងនៅក្នុង​សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ​ជាមួយ​ប្រធានាធិបតី​​កូឡុំប៊ី លោក ចូអាន ម៉ានូអ៊ែល សាន់តូស ( Juan Manuel Santos) នាឱកាស​បំពេញដំណើរ​ទស្សនកិច្ច មកកាន់តំបន់អាមេរិកកណ្ដាល និងអាមេរិក​ឡាទីន។ ថ្លែងនាឱកាស​នោះដែរ លោក ភែន បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «បើទោះបី​ជាលោក​ប្រធានាធិបតី ត្រាំ បាននិយាយ​កាលពី​ប៉ុន្មានថ្ងៃមុនថា យើងមាន​ជម្រើស​ជាច្រើន (រួមទាំងយោធា) សម្រាប់​ដោះស្រាយរឿងវេណេស៊ុយអេឡា​ក៏ដោយ តែលោកនៅតែមានជំនឿចិត្ត​ដដែលថា អាចនឹងធ្វើ​ការងារជាមួយ​សម្ព័ន្ធមិត្ត​អាមេរិកឡាទីន​របស់យើង ដើម្បីដោះស្រាយ​វិបត្តិ ដែលប្រជាជន​វេណេស៊ុយអេឡា​កំពុងប្រឈម ដោយ​សន្តិវិធី... ហើយទីក្រុងវ៉ាស៊ីនតោន​នឹងបន្តចាត់វិធានការ​យ៉ាងពេញលេញ ទំាងសេដ្ឋកិច្ច និងការទូត​រហូតដល់ប្រជាធិបតេយ្យ​ត្រូវស្ដារឡើងវិញ ក្នុងប្រទេស​វេណេស៊ុយអេឡា»

គួររំលឹកថា ថ្លែងទៅកាន់​អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ​សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានលើកឡើង​ត្រង់ៗតែម្ដងថា សហរដ្ឋអាមេរិក​ពុំអាចធានាបាន​ទាំងស្រុងឡើយថា នឹងមិនជ្រើសរើស ប្រើសកម្មភាព​យោធាប្រឆាំង​នឹង​​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) ដោយសារតែ​ការកើនឡើង នៃចំនួនមនុស្សស្លាប់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​​នៅក្នុងអំឡុង​ការធ្វើបាតុកម្មដ៏​កក្រើក អស់រយៈពេលជាង ០៤ខែមកនេះ។

ប៉ុន្តែភ្លាមៗ បណ្ដាប្រទេសក្នុង​តំបន់អាមេរិកឡាទីន​មានដូចជា អាហ្សង់ទីន ប៉េរូ មិចស៊ីកូ និងកូឡុំប៊ី បានទាត់ចោល និងថ្កោលទោស​យ៉ាងខ្លាំង​ចំពោះជម្រើស​យោធារបស់ លោក ដូណាល់ ត្រាំ ដោយបញ្ជាក់ទៀតថា កិច្ចសន្ទនា​និងការទូត​គឺជាមធ្យោបាយ​តែមួយគត់​ក្នុងការលើកកម្ពស់ ប្រជាធិបតេយ្យ និងដោះស្រាយវិបត្តិ​នៅក្នុងប្រទេស​វេណស៊ុយអេឡា៕