(សេអ៊ូល)៖ អគ្គរដ្ឋទូត​កូរ៉េខាងជើង​សំខាន់ៗ នៅឯបរទេស​ត្រូវបានកោះហៅឱ្យ​ត្រឡប់មកកាន់​ទីក្រុងព្យុងយ៉ាង ដើម្បី​ចូលរួមកិច្ចប្រជុំ​ពិសេសមួយ ខណៈយោធា​កូរ៉េខាងជើង​កំពុងបញ្ចប់​ផែនការបាញ់គ្រាប់មីស៊ីល​ទៅកាន់តំបន់ក្បែរ​មូលដ្ឋានទ័ពអាមេរិក​ នៅលើកោះហ្គាំ (​Guam) ដែល​បញ្ជូនបន្ត​ទៅ​ឱ្យ លោក គីម ជុងអ៊ុន ពិនិត្យ​និងសម្រេចចិត្ត​ចុងក្រោយ។ នេះបើតាម​ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ ផ្អែកលើមន្ត្រីរដ្ឋាភិបាល​កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងយ៉ាងដូច្នេះថា «កូរ៉េខាងជើង ហាក់ដូចជាកំពុងរៀបចំ​កិច្ចប្រជុំ នៃប្រធានបេសកកម្មទូត​របស់ខ្លួននៅឯ​បរទេស បន្ទាប់ពីបាន​កោះហៅ​អគ្គរដ្ឋទូត​សំខាន់ៗ​មួយចំនួន ត្រឡប់មកកាន់​ទីក្រុងព្យុងយ៉ាង»។ អគ្គរដ្ឋទូត​ដែលត្រូវបាន​កោះហៅរួមមាន​ លោក ជី ចែយ៉ុង (Ji Jae-ryong) អគ្គរដ្ឋទូត​កូរ៉េខាងជើង ប្រចាំ​ប្រទេសចិន, អគ្គរដ្ឋទូតប្រចាំ​យូអិន លោក ចា សុងណាំ (Ja Song-nam) និង អគ្គរដ្ឋទូតប្រចាំប្រទេសរុស្ស៊ី លោក គីម យ៉ុងជន (Kim Hyong-jun)។ ក៏ប៉ុន្តែ ចំនួនអគ្គរដ្ឋទូតត្រូវចូលរួមកិច្ចប្រជុំនេះ មិនត្រូវបានគេបញ្ជាក់ឱ្យច្បាស់ឡើយ។

គួរបញ្ជាក់ថា ការកោះហៅ​អគ្គរដ្ឋទូតនេះ ធ្វើឡើងនៅចំពេល​ដែលស្ថានភាព​នៅលើឧបទ្វីបកូរ៉េ​កំពុងតានតឹងកាន់តែ​ខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង និងទីក្រុង​វ៉ាស៊ីនតោន​គំរាមប្រើប្រាស់ កម្លាំងយោធា​ដាក់គ្នា​ទៅវិញទៅមក​។​ តែយ៉ាងណា ក្រុមអ្នកជំនាញខ្លះ​យល់ថា ការគំរាមនេះគ្រាន់តែជា​សង្រ្គាមពាក្យសម្ដី​អត់បានការ​ប៉ុណ្ណោះ ព្រោះប្រទេសទាំងពីរ​ដឹងយ៉ាងច្បាស់​ថា សង្រ្គាម​នឹងធ្វើឱ្យពួកគេ​ខាតបង់ធ្ងន់ធ្ងរ​ឥតគណនា ពោលគឺសម្រាប់​សហរដ្ឋអាមេរិក សង្រ្គាមជាមួយរបបដឹកនាំ លោក គី​ម ជុងអ៊ុន មិនចំណេញ​ច្រើនដូច​នៅអ៊ីរ៉ាក់ ឬនៅតំបន់​មជ្ឈិមបូព៌ាឡើយ៕