(បាងកក)៖ ទីបំផុតកងទ័ពជើងទឹកថៃបានប្រកាសពីការព្រមព្រៀង ទិញគ្រាប់មីស៊ីលប្រដេញ ឬមីស៊ីលកម្ទេច​នាវាចម្បាំងពីសហរដ្ឋអាមេរិកជាច្រើនគ្រាប់ ប៉ុន្តែបានថា​កិច្ចព្រមព្រៀងនេះមិនត្រូវបានចូលរួចដោយ​នាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា ឬក៏រដ្ឋមន្ត្រីការពារជាតិនោះឡើយ ក្រោយពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានបញ្ចប់ទស្សនកិច្ច​នៅប្រទេសសម្ព័ន្ធមិត្ត​មួយនេះ កាលពីសប្តាហ៍មុន ដើម្បីស្អំទំនាក់ទំនង​​ឡើងវិញ។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

កងទ័ពជើងទឹកថៃបានអះអាងថា «កិច្ចព្រមព្រៀងខាងលើនេះ មិនមែនជារឿងថ្មីនោះឡើយ ដោយវាជាការពង្រឹង​សម្ព័ន្ធភាពដែលយើងបានធ្វើជាមួយកូរ៉េខាងត្បូង តាំងពីតែពីបីឆ្នាំមុនមកម្ល៉េះ»។ សម្រាប់ការចេញមុខបកស្រាយ​របស់កងទ័ពជើងទឹកថៃនាពេលនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិត វង់ស៊ូវ៉ាន់ បានធ្វើការ​បកស្រាយមួយទៅកាន់អ្នកសារព័ត៌មាន​ដោយបង្ហាញថា លោកទាំងពីរហាក់មិនបានដឹងច្បាស់ពីរឿងនេះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មាននានាថា លោកមិនបានដឹង​ច្បាស់នៅឡើយទេថា តើរដ្ឋាភិបាលថៃមានថវិកាគ្រប់គ្រាន់ ឬក៏អត់នៅក្នុងការទិញមីស៊ីលពីអាមេរិក ខណៈដែលលោក ប្រាវិត វិញបានចេញមុខបដិសេធថា លោកមិនបានដឹងសោះពីរឿងទិញមីស៊ីលនោះ ពីព្រោះថាកងទ័ពជើងទឹកថៃ មានគ្រាប់មីស៊ីលបំពាក់លើ​នាវាចម្បាំងរបស់ខ្លួន រួចជាស្រេចទៅហើយ។

ជុំវិញបញ្ហាដ៏រសើបនេះ រដ្ឋាភិបាល និងកងទ័ពជើងទឹកថៃ កំពុងតែទទួលរងការរិះគន់ធ្ងន់ៗពីសាធារណជន ក៏ព្រោះ​តែការអះអាងមិនស្របគ្នា ខណៈដែលរបាយការណ៍ពី​រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងការបរទេស​បានអនុម័តរួចទៅហើយ ទៅលើការលក់​មីស៊ីល RGM-84L Harpoon Block II ទៅឲ្យ​រដ្ឋាភិបាលថៃ ដែលមានតម្លៃនៃកិច្ចព្រមព្រៀងចំនួន ២៤.៩លាន​ដុល្លារអាមេរិក ស្មើនឹង ៨២៨លានបាត។ អាមេរិកបា​ន​​បញ្ជាក់ទៀតថា ថៃបានព្រមព្រៀង​ទិញ RGM-84L Harpoon Block II ចំនួន ០៥គ្រាប់ និង RTM-84L Harpoon Block II ប្រភេទសម្រាប់ធ្វើសមយុទ្ធចំនួន ០១គ្រាប់៕