(រ៉ង់ហ្គូន)៖ អតីតប្រធានគណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ (NLD) ​លោក (U Aung Shwe) បានទទួល​មរណៈភាព​ហើយកាលពីថ្ងៃអាទិត្យ នៅឯមន្ទីរពេទ្យ Victoria Hospital ក្នុងទីក្រុងរ៉ង់ហ្គូន (​Yangon)។ នេះបើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក លោក U Aung Shwe បានទទួលមរណៈភាព​ក្នុងវ័យ ៩៩ឆ្នំា ដោយរោគចាស់ជរា កាលពីវេលាម៉ោងប្រមាណ ៩៖៣៦នាទីយប់ បន្ទាប់ពីលោក​បានសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យអស់មួយ​រយៈមកនេះ។

គួរបញ្ជាក់ថា លោក (U Aung Shwe) ធ្លាប់កាន់ដំណែង​ជាប្រធានគណបក្ស NLD ពីឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១០ ជាពេលដែល​លោកស្រី អោងសាន ស៊ូជី ឡើងកាន់តំណែង​នេះបន្ត ហើយលោក​ក៏ធ្លាប់ធ្វើជាសមាជិក ​គណៈកម្មាធិការ​ប្រតិបត្តិ​កណ្ដាល​ផងដែរ នៅពេល​គណបក្ស NLD ត្រូវបានបង្កើតឡើង​ដោយ​សហស្ថាបនិក លោកស្រី អោងសាន ស៊ូជី , លោក យូ ទីន អូ (U Tin Oo) និងលោក យូ គ្យី មួង (U Kyi Maung) នៅចុង​ឆ្នាំ១៩៨៨៕