(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួង​ការបរទេស​រុស្ស៊ី លោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បាននិយាយថា លទ្ធភាព​នៃការប្រើប្រាស់កម្លាំងយោធា​នៅលើ​ឧបទ្វីបកូរ៉េ គឺស្ថិតនៅក្នុង​កម្រិតខ្ពស់ ហើយច្បាស់​ណាស់វា​នឹងក្លាយជា​គ្រោះ​មហន្តរាយ បើសិនសង្រ្គាម​ផ្ទុះឡើង​មែននោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មា​នចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ការលើក​ឡើងបែបនេះ​របស់ លោកស្រី Zakharova ធ្វើឡើងចំពេលដែលកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កំពុងផ្លោងសម្ដីធ្វើសង្រ្គាម​ដាក់គ្នាទៅវិញទៅមក។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានរុស្ស៊ី TASS អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សមាជិក​រដ្ឋាភិបាល និងសភា​អាមេរិកខ្លះ​បានធានាជូន​​ប្រជាជនរបស់ពួក​គេថា នឹងមិនមានការសម្លាប់​មនុស្សនៅក្នុង​សហរដ្ឋអាមេរិក​ឡើយ តែមាននៅក្នុង​ប្រទេសដទៃ​ហើយខ្ញុំគិតថា ពួកគេមិនត្រឹមតែចង់សំដៅលើ​កូរ៉េខាងជើង​តែមួយនោះទេ ប៉ុន្តែរួមទំាង​កូរ៉េខាងត្បូង​ផងដែរ»

យ៉ាងណាក៏ដោយ វាមិន​មែន​ជាលើកទីមួយឡើយ​ដែលទីក្រុង​ព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន​ធ្វើសង្រ្គាមពាក្យ​សម្ដី​ជាមួយ​នឹងគ្នា ចំណែកឯក្រុម​អ្នកជំនាញខ្លះ​ក៏យល់ដែរថា សហរដ្ឋអាមេរិក​នៅតែស្ទាក់ស្ទើរក្នុង​ការប្រើប្រាស់​កម្លាំងយោធា ត្បិតការធ្វើ​សង្រ្គាមជាមួយ​កូរ៉េខាងជើង គឺជាសង្រ្គាម​នុយក្លេអ៊ែរ ហើយទីក្រុងប៉េកាំង​ក៏នឹងមិននៅ​ស្ងៀមដែរ បើសិនជា​សង្រ្គាម​កូរ៉េផ្ទុះឡើង។ មួយវិញទៀត​ការ​គំរាមកំហែង​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេ​មើលឃើញថា គឺគ្រាន់តែមានបំណងចង់​ឱ្យចិនដាក់សម្ពាធ​កាន់តែខ្លាំង​លើរបបដឹកនាំ លោក គីម ជុងអ៊ុន និងចង់ ឱ្យប្រទេសជា​សម្ព័ន្ធមិត្តចាស់វស្សា​ទាំងពីរ​ កាន់តែឃ្លាតឆ្ងាយពីគ្នា​តែប៉ុណ្ណោះ។

គួររំលឹកថា កាលពីថ្ងៃសុក្រ​សប្ដាហ៍មុនរដ្ឋមន្រ្តី​ការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ក៏បានព្រមាន​ផងដែរថា ហានិភ័យនៃការប្រើប្រាស់​កម្លាំងយោធា​រវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​គឺស្ថិតនៅក្នុង​កំរិតខ្ពស់ ហើយទីក្រុងម៉ូស្គូ ភាគីទាំងអស់​អាចរក្សាការ​អត់ធ្មត់​ជាមូលដ្ឋាន៕