(ការ៉ាកាស់)៖ នាយកទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​វេណេស៊ុយអេឡា (Sebin) លោក ហ្គូស្តាវ៉ូ ហ្គនហ្សាឡែស ឡូប៉ែស (Gustavo Gonzalez Lopez) បានប្រកាស​ពីការចាប់ខ្លួន​មនុស្សសរុប ១៨នាក់ ជាប់ពាក់ព័ន្ធ​ទៅនឹង​គំរោងរៀបចំការវាយប្រហារ​ទៅលើមូលដ្ឋានយោធា​សំខាន់ៗ នៅក្នុងរដ្ឋ Carabobo ភាគខាងជើង​ប្រទេស​អាមេរិកឡាទីន​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០១៧។

ទីភ្នាក់ងារ Sebin បានឲ្យដឹងថា កងកម្លាំងបានធ្វើការចាប់ខ្លួន​ជនសង្ស័យទាំង ១៨នាក់ ខាងលើនេះ​ក្រោយពីពួក​គេបានបញ្ចេញសកម្មភាព​ដ៏គួរឲ្យសង្ស័យជាច្រើន ហើយ Sebin ក៏មានភស្តុផ្សេងទៀតដែល​បញ្ជាក់ថា ជនជាតិ​វេណេស៊ុយអេឡាទាំង ១៨នាក់នេះ បានចូលរួមនៅ​ក្នុងសកម្មភាពភេរវកម្ម ដែលជាគំរោង​ត្រៀមធ្វើការវាយប្រហារ​​ ទៅលើមូលដ្ឋានយោធា​ខាងលើនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ឡូប៉ែស បានសង្កត់ធ្ងន់ថា «នៅក្នុងចំណោមជនសង្ស័យទាំងនោះ មាន ០៦នាក់ គឺជាមន្ត្រីយោធា ហើយប្រមាណ ១២នាក់ផ្សេងទៀត គឺជាអ្នកដើរតាមការ​បង្គាប់បញ្ជា​របស់ពួកគេ។ ពួកគេ​ត្រូវបានផ្សា​ភ្ជាប់ជាមួយមេដឹកនាំ​ក្រុមប្រឆាំង ពាណិជ្ជករ សមាជិកសហគមន៍ និងសមាជិកនៃព្រះវិហារ ដោយធ្វើការអនុវត្តន៍​គំរោងវាយប្រហារ និងលួចយកអាវុធ​ក្នុងគោលដៅអនុវត្តន៍ផែនការវាយប្រហារ​ដោយហិង្សាជា​ចង្កោមតែម្តង»។ បច្ចុប្បន្ន Sebin កំពុងតែធ្វើការ​ស៊ើបអង្កេតរឿងនេះបន្ត ដែលវាអាច​មានជាប់​ពាក់ព័ន្ធធ្ងន់ធ្ងរ​ទៅនឹងក្រុមប្រឆាំង ដែលកំពុងតែតទល់​នឹងរដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ៕