(ការ៉ាកាស់)៖ បន្ទាប់ពីបានរិះគន់ និងថ្កោលទោសលើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ អស់រយៈពេលជាច្រើនមកនេះ បណ្ដាប្រទេសក្នុងតំបន់អាមេរិកឡាទីនបាន ចេញមុខប្រឆាំងយ៉ាងខ្លាំងនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញម្ដង ដែលបានគំរាមប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលសាជាថ្មី ដោយសារតែលោកបាននិយាយពីការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ខណៈលោកផ្ទាល់កំពុងធ្វើសង្រ្គាមពាក្យសម្ដីជាមួយកូរ៉េខាងជើង។ តែយ៉ាងណាក៏ដោយ ប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជាអាហ្សង់ទីន ប៉េរូ មិចសីកូ និងកូឡុំប៊ី បាន ទាត់ចោល និងថ្កោលទោសយ៉ាងខ្លាំងចំពោះជម្រើសយោធារបស់លោកដូណាល់ ត្រាំ ដោយបញ្ជាក់ទៀតថា កិច្ចសន្ទនា និងការទូត គឺជាមធ្យោបាយតែមួយគត់ក្នុងការលើកកម្ពស់ប្រជាធិប តេយ្យ និងដោះស្រាយវិបត្តិនៅក្នុងប្រទេសវេណស៊ុយអេឡា ដែលកំពុងគ្របដណ្ដប់ដោយបាតុកម្មតវ៉ាទូទាំងប្រទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុងការ៉ាកាស់ ទទួលជោគជ័យក្នុងការបោះឆ្នោត បង្កើតសភាធម្មនុញ្ញកាលពីចុងខែកក្កដា កន្លងទៅ។ ដោយឡែក ក្រោយការគំរាមប្រើប្រាស់ជម្រើសយោធានេះដែរ ខាងគណបក្សប្រឆាំងឯណោះវិញ ក៏នៅមិនសុខបក់មិនល្ហើយដែរ ត្បិត ពួកគេកំពុងគិតពិចារណាថាត្រូវគាំទ្រឱ្យកងទ័ពបរទេសឈ្លានពានវេណេស៊ុយអេឡា ឬក៏គំាទ្រមេដឹកនាំដែលពួកគេចោទថាផ្ដាច់ការ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយពីជម្រើសយោធារបស់លោក ដូណាល់ ត្រាំ កើតមានឡើងនៅចំពេលដែលអនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងផ្ដើមដំណើរទស្សកិច្ចទៅកាន់ តំបន់អាមេរិកឡាទីននៅថ្ងៃអាទិត្យនេះ ក្នុងនោះរួមមានកូឡុំប៊ី អាហ្សង់ទីន ឈីលី និងប៉ាណាម៉ា៕