(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ពីទីក្រុងវ៉ាស៊ីនតោន មកកាន់ទីក្រុង​ប៉េកាំងប្រទេសចិន ដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជុំវិញភាពក្តៅគគុកនៃសង្គ្រាម​ពាក្យសម្តីរវាងរដ្ឋាភិបាលអាមេរិក និងរបបដឹកនាំកូរ៉េខាងជើង ដែលបានឈានទៅរកភាពផុយស្រួយ​នឹងអាចផ្ទុះ​សង្គ្រាម​លើសពេលណាៗ​ទាំងអស់នោះ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី​ Sputnik នារសៀល​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

ទូរទស្សន៍រដ្ឋចិន CCTV បានចេញផ្សាយថា មេដឹកនាំមហាអំណាចធំបំផុតលើ​លោកទាំងពីររូប បានពិភាក្សាដោះដូរ​មតិ​យោបល់​គ្នាជាទូទៅ ទៅលើស្ថានការណ៍វិវឌ្ឍន៍​នៅតំបន់ឧបទ្វីបកូរ៉េ។ ជាចុងក្រោយ​ថ្នាក់ដឹកនាំ ចិន និងអាមេរិក បានបង្ហាញការ​ចង់បានរួមគ្នា​នូវសន្តិភាព និងស្ថិរភាព ព្រមទាំងតំបន់​ឧបទ្វីបកូរ៉េ​ដែលគ្មានអាវុធនុយក្លេអ៊ែរ។ ទោះបីជាអាមេរិកកន្លងមក តែងតែរិះគន់ចិនថា មិនបានចាត់វិធានការ​ប្រកបដោយប្រសិទ្ធភាព ដើម្បីរារាំងការ​បង្ករឿងរបស់កូរ៉េខាងជើងក៏ដោយ ក៏ចុងក្រោយគ្មាន​នរណា​ឡើយក្រៅពីចិន ដែលអាចមានឥទ្ធិពល​ទៅណែនាំ​កូរ៉េខាងជើង មិនឲ្យធ្វើអ្វីមួយដែលនាំរឿងរ៉ាវកាន់តែរីកធំនោះ។

គួរបញ្ជាក់ថា ការឈានទៅរក​កិច្ចពិភាក្សាគ្នា​តាមទូរស័ព្ទ​ដ៏មានសារៈសំខាន់នេះ បានកើតមានឡើង​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​បានគំរាមថា នឹងផ្លោងគ្រាប់​មីស៊ីល ០៤គ្រាប់ ទៅក្នុងដែនទឹក​ក្បែរកោះហ្គាំ (Guam) របស់​អាមេរិកស្ថិតនៅក្នុង​មហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីជាព្រមាន​ចំពោះពាក្យ​សម្តីធ្ងន់ៗ ដែលលោក ត្រាំ បានប្រើប្រាស់ទៅលើ​កូរ៉េខាងជើង ហើយនេះក៏ជា​លើកទី១ផងដែរ ដែលកូរ៉េខាងជើង​ហ៊ានប្រើប្រាស់​សារព្រមាន ដែលមានទាំង​ការកំណត់ពេល​វេលាច្បាស់លាស់ថា នឹងអាចធ្វើការ​ផ្លោងមីស៊ីល នៅពាក់កណ្តាល​ខែសីហានេះ ដោយរង់ចាំតែការ​បញ្ជាដោយ​ផ្ទាល់ពី លោក គីម ជុងអ៊ុន តែប៉ុណ្ណោះ៕